បទល្មើសនេសាទនៅតំបន់ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានកើតមានជាចំហរ ដោយមិនមានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ច ពោលគឺរដ្ឋបាលជលផលនៅទីនោះទេ ។ មន្ត្រីនគរបាលខេត្តកំពង់ធំអះអាងថា វាជាតួនាទីរបស់រដ្ឋបាលជលផលក្នុងការបង្ក្រាបបទល្មើសនេសាទ ។ មន្ត្រីជលផលខេត្តកំពង់ធំអះអាងថា ឲ្យគេដាក់បទល្មើសនេសាទចុះ ព្រោះឆ្នាំនេះ មិនសម្បូរត្រីដូចឆ្នាំមុនៗនោះទេ ។ ក្រោមហេតុផលឆ្នាំនេះមិនសម្បូរត្រី ទើបពួកមន្ត្រីជលផលអនុញ្ញាតឲ្យមានបទល្មើសនេសាទយ៉ាងគគ្រឹកគគ្រេង ។ អនុញ្ញាតឲ្យមានបទល្មើសនេសាទ យ៉ាងគគ្រឹកគគ្រេង គឺសុទ្ធតែមានផលប្រយោជន៍ ។ ជាក់ស្តែងតំបន់ផាត់សណ្តាយ ដែលគេកត់សម្គាល់ថា ជាតំបន់ពូជត្រីយ៉ាងសំខាន់នៃតំបន់បឹងទន្លេសាបនោះ បច្ចុប្បន្នបទល្មើសនេសាទតាមរយៈការប្រើឧបករណ៍នេសាទខុសច្បាប់ បានកើតមានជាចំហរ ។
លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ត្រូវពួកឈ្មួញអះអាងថា បានយកលុយអ្នកនេសាទខ្មែរ វៀតណាម ដែលដាក់បទល្មើសនេសាទទាំងនោះប្រចាំរដូវ ដោយក្នុងឧបករណ៍ល្មើសនេសាទនីមួយៗត្រូវបង់ឲ្យលោកយ៉ាន់ វិសាក់ រាប់ពាន់ដុល្លារ ។ ក្រៅតែពីបង់ឲ្យពួកលោកយាន់ វិសាក់ ក៏ត្រូវបង់ឲ្យសមត្ថកិច្ចផ្សេងទៀត ដូចជានគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំជាដើម ។ ពួកមន្ត្រីនគរបាលសេដ្ឋកិច្ចអះអាងថា ពួកគេយកប្រាក់ពីអ្នកនេសាទល្មើសច្បាប់នៅចំណុចផាត់សណ្តាយនោះមែន ប៉ុន្តែមិនច្រើនដូចខាងសមត្ថកិច្ចជំនាញនោះទេ ។ មន្ត្រីនគរបាលទាំងនោះអះអាងថា បើខាងនគរបាលបាន១ពាន់ដុល្លារ គឺខាងជលផលបាន១ម៉ឺនដុល្លារឯណោះ ។ គេនិយាយទៀតថា បច្ចុប្បន្ន រឿងបទល្មើសនេសាទមិនសូវរិតបន្តឹងនោះទេ ដោយសំអាងថា ឆ្នាំនេះគ្មានត្រី ដូច្នេះជាលេសរបស់ពួកជលផល ដែលមិនចុះបង្ក្រាប ហើយដើរយកលុយដោយស្រួល ។
លោកយ៉ាន់ វិសាក់ ហៅសែត្រូវបានមន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ធំអះអាងថា នៅតែជាជើងខ្លាំងក្នុងការប្រមូលប្រាក់ពីអ្នកនេសាទល្មើសច្បាប់ ដោយសារតែថ្នាក់ដឹកនាំខេត្តបន្ធូរបន្ថយ និងជួនកាលចែករំលែកគ្នា។ ផលប្រយោជន៍ដែលបានមកពីបទល្មើសនៅតំបន់បឹងទន្លេសាប ត្រូវគេអះអាងថា បានចែកផលលាភ មិនត្រឹមតែប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោកប៉ែន វណ្ណរិទ្ធ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចែករំលែកឲ្យថ្នាក់ដឹកនាំខេត្តនេះផងដែរ ។ ប្រភពខ្សឹបថា ក្រៅតែពីអភិបាលរងខេត្តទទួលបន្ទុកការងារកសិកម្ម លោកអភិបាលខេត្ត ក៏ត្រូវបានគេចែករំលែកឲ្យដែរ ។ ឆ្នាំនេះ ក្រោមលេសមិនសូវមានត្រី លោកសុខ លូ អភិបាលខេត្តកំពង់ធំមិនមានប្រសាសន៍ជំរុញឲ្យពួកមន្ត្រីជលផលចុះបង្ក្រាបបទល្មើសនេសាទនោះទេ ។ ដូច្នេះវាជាឱកាសសម្រាប់លោកយ៉ាន់ វិសាក់ ប្រមូលសេដ្ឋកិច្ចជូនថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរកសិកម្មខេត្ត ៕