ប្រជាពលរដ្ឋច្រើនលើសលប់គាំទ្រចំណាត់ការរបស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍ ។ ទាំងនោះ គឺដោយសារតែចិញ្ចើមផ្លូវ និងទ្រូងផ្លូវត្រូវបានយកធ្វើជាចំណតអចិន្ត្រៃយ៍សម្រាប់ការលក់ដូររកស៊ី ។ អាជ្ញាធរខណ្ឌទួលគោកបានធ្វើឲ្យប្រជាពលរដ្ឋគាំទ្រមួយពេលៗចំពោះចំណាត់ការនៃការរៀបចំសណ្តាប់ធ្នាប់ ពីព្រោះថា ក្រោយការដើរចេញនៃក្រុមសណ្តាប់ធ្នាប់អ្វីៗបានវិលមករកសភាពដើមដូចពាក្យចាស់លោកពោលថា «វែកចក» ។ រីឯអាជ្ញាធរក៏បានត្រឹមបោសដៃដើរចេញដោយមិនខ្វល់អំពីផលប្រយោជន៍ដែលបានពីការចុះរៀបចំសណ្តាប់ធ្នាប់នោះឡើយ ។
ក្នុងនាមប្រជាពលរដ្ឋមួយរូបមើលឃើញថា បើអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ដោយការអនុវត្តច្បាប់តឹងរ៉ឹងនោះពួកអ្នករកស៊ីពឹងផ្អែកលើចិញ្ចើមផ្លូវសាធារណ មុខជាត្រង់ជើងមិនខាន ។ ប៉ុន្តែអាជ្ញាធរ បានត្រឹមតែធ្វើឲ្យឃើញថា ធ្វើតែប៉ុណ្ណោះ ។ កាលពីប៉ុន្មានសប្តាហ៍មុន អាជ្ញាធរខណ្ឌទួលគោកបានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខវិទ្យាស្ថានភាសាបរទេស និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះមកផ្លូវកម្ពុជាក្រោម ។ ប៉ុន្តែក្រោយការចាកចេញរបស់ក្រុមសណ្តាប់ធ្នាប់ទាំងនោះ ទាំងរថយន្ត និងម៉ូតូ ត្រូវបានចតត្រៀបត្រាលើផ្លូវដដែល ។ ហាងភាគច្រើននៅតំបន់នោះ យកផ្លូវធ្វើជាចំណត ។ ហាងកាហ្វេពីរកន្លែងនៅចន្លោះផ្លូវ បានយកចំណែកផ្លូវធ្វើជាចំណតរថយន្ត និងម៉ូតូ ។ ហាងកាហ្វេទាំងពីរនោះ គឺអាជ្ញាធរជាអ្នកអនុញ្ញាតឲ្យដំណើរការរកស៊ី ប៉ុន្តែអាជ្ញាធរមិនបានកំណត់ថា ត្រូវមានចំណតសម្រាប់អតិថិជន ឬយ៉ាងណានោះឡើយ ។ នៅក្បែរនោះ មានហាងផឹកស៊ីមួយកន្លែង ដែលរថយន្តត្រូវបានចតពីរជួរនៅលើផ្លូវ ។
អាជ្ញាធរខណ្ឌទួលគោកអាចគិតថា វាជាជោគជ័យធំសម្បើមហើយក្រោយការចុះទៅរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះ ។ ប៉ុន្តែក្រោយការចាកចេញតែប៉ុន្មានវិនាទី គឺរថយន្ត និងម៉ូតូត្រូវបានចតនៅលើផ្លូវវិញដដែល ។ រៀងរាល់ល្ងាច រថយន្តម៉ូតូ ចតនៅលើផ្លូវ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍យូរម៉ោង ។ កុំថាឡើយដល់ការបើកបររថយន្ត សូម្បីតែម៉ូតូរបស់សិស្សសាលាឆ្លងកាត់តំបន់នោះ ក៏មិនអាចទៅរួចផង ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលតែងតែប្រទះភ្នែកចំពោះបញ្ហានេះ មើលឃើញថា ផលប្រយោជន៍របស់បុគ្គលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈជាខ្លាំង ។ ចំណុចនេះ អាជ្ញាធរគួរតែមានវិធានការដើម្បីធ្វើឲ្យប្រសើរឡើង ឬធានាបានច្រើនម៉ោងថា ក្រោយការធ្វើសណ្តាប់ធ្នាប់ មិនមានរថយន្ត ម៉ូតូចតនៅលើផ្លូវទៀតនោះទេ ឬយ៉ាងហោចណាស់ ក៏ក្រោយការចកចេញរបស់កងសណ្តាប់ធ្នាប់ យ៉ាងហោចណាស់មួយថ្ងៃ ឬពីរថ្ងៃ ទើបបញ្ហាដដែលកើតឡើងទៀត ។ ប៉ុន្តែរយៈពេលកន្លងមក កម្លាំងសណ្តាប់ធ្នាប់មិនទាន់ត្រឡប់ទៅដល់ខណ្ឌវិញផង គឺបញ្ហាបានកើតឡើងវិញដដែលទៅហើយ ។
រឿងសណ្តាប់ធ្នាប់ មិនមែនតែខណ្ឌទួលគោកប៉ុណ្ណោះទេ ។ អ្វីដែលសំខាន់គឺស្ថិតនៅលើការតាំងចិត្តរបស់ថ្នាក់ដឹកនាំខណ្ឌនីមួយៗថា ត្រូវធ្វើឲ្យបានជាដាច់ខាតចំពោះបញ្ហានេះ ។ មិនមែនតែផ្លូវច្រើនខ្សែកាត់ទទឹងផ្លូវសហព័ន្ធរុស្ស៊ីនោះទេ ដែលក្លាយជាចំណតសម្រាប់ការរកស៊ី ។ ផ្លូវជាច្រើនទៀតនៅក្នុងសង្កាត់ផ្សារដេប៉ូទី២ និងទី៣ សុទ្ធតែជាកន្លែងចតរថយន្តសងខាងផ្លូវ ឬជាចំណតអចិន្ត្រៃយ៍នៃយានដ្ឋានជួសជុលរថយន្តដ៏ច្រើនស្អេកស្កះ ។ កន្លែងខ្លះ យកចំណែកផ្លូវធ្វើជាទីតាំងនៃការជួសជុលរថយន្តតែម្តង ។ អាជ្ញាធរហាក់ដូចជាមិនហ៊ាន ឬខ្លាចការថ្នាំងថ្នាក់ពីក្រុមអ្នករកស៊ីទាំងនោះ? ប៉ុន្តែប្រសិនបើអាជ្ញាធរមិនពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយអ្នករកស៊ីមានបានដោយសារចិញ្ចើមផ្លូវទេនោះ មិនគួរខ្លាចនឹងការដែលត្រូវយកច្បាប់មកអនុវត្តឲ្យស្មើភាពនោះឡើយ។ ពោលគឺការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពគ្រប់ពេលវេលា គ្រប់ទីកន្លែង នោះគេជឿថា ប្រជាពលរដ្ឋនឹងគាំទ្រដើម្បីរៀបចំសណ្តាប់ធ្នាប់ឲ្យមានប្រសិទ្ធភាព ៕ ប្រជាពលរដ្ឋម្នាក់