ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម នៅក្នុងប្រទេសយេមែន បានថយចុះ ក្រោយពេលអារ៉ាប៊ីសាអូឌីត បានសម្របសម្រួ ក្នុងកិច្ចព្រមព្រៀងចែករំលែកអំណាចគ្នា រវាងគូជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេស ដែលហែកហូរ ដោយសារសង្រ្គាមមួយនេះ។
លោក Martin Griffiths ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ បានថ្លែង កាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ម្សិលមិញថា ក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ មានការកត់សម្គាល់ឃើញថា ការវាយប្រយុទ្ធគ្នា បានថយចុះ ក្រោយពេលរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលឲ្យភាគីជម្លោះ នៅក្នុងប្រទេសយេមែន (Yemen) ឈានដល់កិច្ចព្រមព្រៀង ចែករំលែកអំណាចគ្នា រវាងរដ្ឋាភិបាល និងអ្នកផ្ដាច់ខ្លួន។
លោក Martin Griffiths បានថ្លែងបែបនេះទៅកាន់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីរដ្ឋាភិបាលយេមែន និងក្រុមអ្នកផ្ដាច់ខ្លួន នៅភាគខាងត្បូង បានចុះហត្ថលេខាងលើកិច្ចព្រមព្រៀង ចែករំលែកអំណាចគ្នា ក្រោមការសម្របសម្រួល ដោយប្រទេសអារ៉ាប៊ីសាអូឌីត កាលពីដើម ខែវិច្ឆិកានេះ។ ភាគីទាំង២ គឺជាអ្នករួមគ្នាប្រយុទ្ធនឹងក្រុមជីវពលឧទ្ទាមហ៊ូធី (Houthi) ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។ មតិជាច្រើន បានសង្ឃឹមថា កិច្ចព្រមព្រៀងខាងលើនេះ អាចជាការបើកផ្លូវនាំឲ្យមានកិច្ច ព្រមព្រៀង កាន់តែធំទូលាយ រហូតឈានដល់ការបញ្ចបង់សង្រ្គាមទាំងស្រុង នៅក្នុងប្រទេសយេមែន។
ព្រះមហាក្សត្រ Salman នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានមានព្រះបន្ទូលថា កិច្ចព្រមព្រៀងនេះ អាចជាការបើកទ្វារ នាំឲ្យមានការចរចាសន្ដិភាពកាន់ថំដ៏ទូលំទូលាយ ហើយព្រះរាជាណាចក្ររបស់ទ្រង់ បានស្វែងរកការសម្រួបសម្រួលខាងនយោបាយ សម្រាប់ប្រទេសយមែន ដើម្បីឲ្យប្រទេសនេះ មានសន្ដិភាពពេញលេញ។
ព្រះរាជទាយាទ នៃប្រទេសអារ៉ាប៊ីសាអូឌីត បានមានព្រះបន្ទូលយ៉ាងច្បាស់ថា ប្រទេសអារ៉ាប៊ីសាអូឌី នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យមានសន្ដិភាពកើតឡើងយ៉ាងពិតប្រាកដ នៅក្នុងប្រទេសនេះ។
សង្រ្គាម នៅក្នុងប្រទេសយេមែន បានផ្ទុះឡើង ក្រោយពេលក្រុមឧទ្ទាម Houthis បានវាយលុកចូលកាន់កាប់ នៅក្នុងទីក្រុង Sanaa កាលពីអំឡុងឆ្នាំ២០១៤ ហើយបានបណ្ដេញរដ្ឋាភិបាលដែលគាំទ្រជាលក្ខណៈអន្ដរជាតិ រហូតនាំឲ្យមានការវាយប្រយុទ្ធគ្នា នៅទូទាំងប្រទេស។ ស្របគ្នានោះដែរ ក្រុមសម្ពន្ធមិត្តអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌី និង អារ៉ាប់រួម (UAE) ក៏បានហក់ចូលទៅធ្វើអន្ដរាគមន៍ នៅក្នុងអំឡុងឆ្នាំ២០១៥ បន្ទាប់ពីក្រុមជីវពលឧទ្ទាម បានចូលលុកលុយទីក្រុង Aden ៕