ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ទាំងព្រឹកនៅចាក់អង្រែលើ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តឡិចស៊ីស RX330 បើកបរដោយស្រ្តីម្នាក់គេចពីម៉ូតូរេចង្កូចបុក របាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្ដាលឲ្យអ្នក មនុស្សណាម្នាក់រងរបួសនោះទេ ដោយបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពី វេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្តីស្ត្រីអ្នកបើក រថយន្តសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្ត ឡិចស៊ីស RX 330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-3406 តាមបណ្ដោយផ្លូវ ជាតិលេខ២ ក្នុងទិសដៅជើង មកត្បូង ស្រាប់តែមកដល់ ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀតបើកបត់ឆ្លងផ្លូវគាត់ក៏បានចាប់ហ្វ្រាំងមកបង្អង់ ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់ ២កង់ និងខូចខាតរថយន្ត ផ្នែកខាងមុខយ៉ាងដំណំផងដែរ ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍លើនេះ មិនបណ្ដាលឲ្យមាន អ្នករបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើបានចុះដល់កន្លែងកើតហេតុ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរ ខណ្ឌមានជ័យចុះទៅ វាស់វែងរួចប្រគល់រថយន្តឱ្យទៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖