ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីវាយគ្នា! បណ្ដាលឲ្យស្រ្តីពរពោះ៦ខែរងរបួសធ្ងន់ ប្ដឹងនគរបាលទារជំងឺចិត្ត៥០០០ដុល្លារ ស្រ្តីបង្កសន្លប់ស្ដូក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ចុះអនុវត្តបណ្ដឹងករណីហិង្សាដោយចេតនា ដោយឃាត់ខ្លួនស្រ្តីជើងខ្លាំងខាងវាយតប់ និងជេបញ្ចោម្នាក់ ក្រោយវាយតប់បណ្ដាលឲ្យស្រ្តីពរពោះ៦ខែម្នាក់រងរបួស ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៤៣នាទី ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ជនសង្ស័យដៃដល់ត្រូវបានឃាត់ខ្លួនដើម្បីបន្តនីតិវិធីឈ្មោះ ប៉ាល់ ចន្ថា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំខាងលើ មានមុខរបរកម្មការិនីរោងចក្រកាត់ដេរក្រុមហ៊ុន(តៃអុីហ្សុី) មុនងារប្រធានគ្យូសុី(G C) ការឃាត់ខ្លួនស្រ្តីសង្ស័យដៃដល់ខាងលើ គឺអនុវត្តបណ្ដឹងរបស់ឈ្មោះ ឈន មួយអេង ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរកម្មការិនីរោងចក្រកាត់ដេរ(តៃអ៊ុីសុី) ។

របាយការណ៍នគរបាលបន្តថា ក្នុងពាក្យបណ្ដឹងស្រ្តីរងរបួសបានរាបរប់ថា នៅព្រឹកថ្ងៃទី២២ ខែឆ្នាំដដែល ខ្លួនកំពុងឈរធ្វើការ(ចងខោអាវ)ក្នុងក្រុម ស្រាប់តែជនសង្ស័យដៃដល់ខាងលើឈ្មោះ ប៉ាល់ ចន្ថា(ដើរមកក៏យកកែងដៃបុកចំពោះនាងខ្ញុំ) និងប្រតាយប្រតប់គ្នា ខណៈនោះមានជនជាតិចិនឈ្មោះ ជេលី ដើរសំដៅមកក៏បែកគ្នា បណ្ដាលឲ្យជាំ និងឈឺចាប់នៅក្នុងពោះ ខណៈនោះត្រូវបានគេបញ្ជូនសង្រ្គោះភ្លាមៗផងដែរ បច្ចុប្បន្ន៖ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នៅឡើយ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ក្នុងពាក្យបណ្ដឹងស្រ្តីរងរបួសទាមទារសំណងសងជំងឺចិត្តចំនួន ៥០០០ដុល្លារអាមេរិក ចំណែកស្រ្តីសង្ស័យដៃដល់ឈ្មោះ ប៉ាល់ ចន្ថា បានធ្លើយចំពោះមុខសមត្តកិច្ចនគរបាល ប៉ុន្តែព្រមសម្របសម្រួសត្រឹមតែចំនួន ៥០០ដូល្លារអាមេរិចប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីនគរបាលស្រុកក្រគរនៅរសៀលថ្ងៃច័ន្ទ ១៤រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះថា ស្រ្តីសង្ស័យម្នាក់ឈ្មោះ ប៉ាល់ ចន្ថា បានដួលសន្លប់ហើយបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកក្រគរ និងបន្តទៅរាជធានីភ្នំពេញ ប៉ុន្តែគេមិនដឹងច្បាស់ទេថា ជនសង្ស័យ (ប៉ាល់ ចន្ថា)ដួលសន្លប់ដោយតក់ស្លុតនឹងសំណងជនរងរបួសឬធ្វើសន្លប់នោះឡើយ ៕ បុឹម ពិន


ចែករំលែក៖