ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ពុំដឹងជាមានរឿងហេតុអី ស្រាប់តែយកដំបងឈើជ្រុលទៅវាយគេ ខណៈកំពុងដើរតាមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវបេតុងព្រែកគង់ត្រើយត្បូង ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ផន រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃុំមិនចាំ ស្រុកអង្គបុរីខេត្តតាកែវ ។ ចំណែកជនរងគ្រោះឈ្មោះ ឡេង ទូច (ហៅប្រេម) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ។ ចំណែកវត្ថុតាងចាប់យក៖ ដំបងឈើជ្រុង១កំណាត់ ប្រវែង៧០សង់ទីម៉ែត្រ ។
ប្រភពដដែលបន្ដថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានដើរតាមផ្លូវបេតុងព្រែកគង់ត្រើយខាងត្បូង ក្នុងទិសដៅពីកើតទៅលិច លុះដើរមកដល់ចំណុចកើតហេតុ ស្រាប់ជនសង្ស័យខាងលើនេះ បានដើរតាមបណ្ដោផ្លូវបេតុងដែរ ក្នុងទិសដៅពីលិចទៅកើត(ច្រាស់គ្នា) ដោយជនសង្ស័យមានកាន់ដំបងឈើជ្រុងមួយកំណាត់នៅនឹងដៃ តែជនរងគ្រោះពុំចាប់អារម្មណ៍នោះទេ លុះមកដល់ជិតជនរងគ្រោះ ជនសង្ស័យបានវាយមកលើជនរងគ្រោះជាច្រើនដំបងដោយពុំដឹងមូលហេតុអ្វីនោះទេ បណ្តាលអោយរងបួសជាទម្ងន់បាក់ដៃ និងដងខ្លួន ភ្លាមនោះក៏ផ្អើលឆោឡោយកជនរងគ្រោះទៅព្យាបាលនៅប្រទេសវៀតណាម រីឯជនសង្ស័យត្រូវបានបងប្អូនសាច់ញាតិដេញតាមចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកចិ្ចចាត់ការតាមច្បាប់ ៕ ស្អាងជ័យ