ព័ត៌មានទាន់ហេតុការណ៍៖

អង្គបុរេជំនុំជម្រះនៃអ.វ.ត.ក.បើកសវនាការ ស្តាប់ទឡ្ហីករណ៍ពីភាគីនៅក្នុងសំណុំរឿង ០០៣ ទាក់ទងនឹងលោក មាស មុត

ចែករំលែក៖

ភ្នំពេញ៖ អង្គបុរេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ចាប់ផ្តើម​សវនាការ​ដែល​មាន​រយៈ​ពេល​បីថ្ងៃ នៅក្នុង​សំណុំ​រឿង ០០៣ ប្រឆាំង មាស មុត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ។ ជាសវនាការដែលលោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក. ថ្លែងថា ធ្វើឡើងដើម្បីស្តាប់នូវ អំណះអំណាងដោយផ្ទាល់មាត់របស់ភាគីពាក់ព័ន្ធនានាក្នុងសំណុំរឿង ០០៣ ដែលមាន មាស មុត ជា ជនត្រូវចោទ។ លោក នេត្រ ភក្ត្រា បានថ្លែងថា សវនាការនៅពេលនេះ មិនមែនជាសវនាការលើអង្គ សេចក្តី ពិនិត្យលើភស្តុតាងឡើយ ប៉ុន្តែជាសវនាការលើបណ្តឹងឧទ្ធរណ៍ក្នុងសំណុំរឿង ០០៣ ដែលភាគីពាក់ព័ន្ធនានាបានប្តឹងជំទាស់នឹងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ដែលបានចេញនាពេលកន្លងទៅ។

ជា​កិច្ចចាប់​ផ្តើម ​ប្រធាន​អង្គជំនុំជម្រះ​ប្រកាស​បើ​កសវនាការជាសាធារណៈ បន្ទាប់​​មក​មាន​ការ​អាន​របាយការណ៍​នៃសំណុំរឿង​នេះ​ជា​សាធារណៈ ដែល​លើក​ឡើង​នូវ​អង្គហេតុ​ពាក់​ព័ន្ធនានា និង​ប្រវត្តិ​នីតិវិធី​​នៃ​សំណុំរឿង ០០៣ ព្រមទាំងសេចក្តីលម្អិត​នៃ​បណ្តឹង​ឧទ្ធរណ៍​នានា​ដែល​បាន​ដាក់​នៅចំពោះ​មុខ​អង្គជំនុំជម្រះ។ របាយការណ៍នេះត្រូវ​​បានចេញ​ក្នុង​នាម​អង្គបុរេ​ជំនុំជម្រះទាំងមូល និង​បាន​ដាក់​បញ្ចូលទៅ​​​ក្នុង​សំណុំរឿង។ សាធារណជនជាង ៥០០ នាក់បានចូលរួមស្តាប់សវនាការដែលបើកជាសាធារណៈដោយផ្ទាល់។ សវនាការនេះបានធ្វើឡើងជាសាធារណៈនៅពេលដែលចាប់ផ្តើមឧទ្ទេសនាមភាគីនៅក្នុងសំណុំរឿងជូនអង្គជំនុំជម្រះ នៅពេលដែលអង្គជំនុំជម្រះអានសេចក្តីរាយការណ៍អំពីសំណុំរឿងនេះ និងនៅពេល ចៅក្រមសួរសំនួរផ្សេងៗទៅកាន់ភាគី។ ក្រៅពីនេះ អង្គបុរេជំនុំជម្រះនឹងស្តាប់ទឡ្ហីករណ៍ពីភាគីនៅក្នុង​សំណុំ​រឿង​​នៅក្នុង​សវនាការ​សម្ងាត់​វិញ។ សវនាការ​នឹង​បន្ត​ដំណើរ​ការ​នៅ​ថ្ងៃទី ​២៨ និង​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ តទៅទៀត អនុលោម​ទៅតាមដីកា​កំណត់​​កាល​វិភាគសម្រាប់​សវនាការ ​ដែល​បាន​ចេញ​នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០១៩។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈបានលើកឡើងថា កាលដែលនាំឱ្យមានការបើកសវនាការស្តាប់ទឡ្ហីករណ៍ក្នុងសំណុំរឿង ០០៣ នេះគឺដោយសារតែ អង្គបុរេជំនុំជម្រះនៃ អ.វ.ត.ក បានទទួលបណ្តឹង​ឧទ្ធរណ៍​ដាក់ដោយសហព្រះរាជអាជ្ញាជាតិនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ បណ្តឹង​ឧទ្ធរណ៍​ដាក់​ដោយ​សហ​មេធាវី​ការពារក្តីឱ្យ មាស មុត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ប្រឆាំងនឹង​ដីកា​ដំណោះ​ស្រាយដែលចេញដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅក្នុង​សំណុំ​រឿង ០០៣ ដែលបានចោទប្រកាន់ មាស មុត និងបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅ​ថ្ងៃ​ទី៨ ខែមេសា ឆ្នាំ​២០១៩ ប្រឆាំងនឹងដីកាលើកលែងចោទប្រកាន់លើមាស មុត​ ដែលចេញដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ ​នៅ​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅក្នុងសំណុំរឿង ០០៣។

អង្គបុរេជំនុំជម្រះបានសម្រេចថា សវនាការនឹងត្រូវធ្វើឡើងនៅក្នុងសំណុំរឿង ០០៣ ដើម្បីស្តាប់​ទឡ្ហីករណ៍​ពីភាគីនៅក្នុងសំណុំរឿង មុនពេលដែលអង្គបុរេជំនុំជម្រះចេញសាល​ដីកា លើបណ្តឹង​ឧទ្ធរណ៍​ទាំង​នោះ​។ លោក នេត្រ ភក្ត្រា បានថ្លែងថា អង្គបុរេជំនុំជម្រះបានព្យាករថានឹងអាចចេញសាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយក្នុងសំណុំរឿង ០០៣ នេះនៅត្រឹមត្រីមាសទី១ ឆ្នាំ ២០២០ ខាងមុខ ថាតើសំណុំរឿងនេះត្រូវបញ្ជូនទៅជំនុំជម្រះ ឬការទម្លាក់ចោល គឺអាស្រ័យលើការសម្រេចរបស់ចៅក្រុមនៃអង្គបុរេជំនុំជម្រះដែលមានចៅក្រមជាតិ ៣ រូប និងចៅក្រមអន្តរជាតិចំនួន ២ រូប៕ សុខ ខេមរា


ចែករំលែក៖