ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បាននាំគ្នាបើកម៉ូតូកង់បីឥណ្ឌា មកធ្វើសកម្មភាពលួចគាស់ឃ្លាំងរបស់ក្រុមហ៊ុន7NG រួចប្រមូលយកកៅអីរថយន្ត និងសម្ភារមួយចំនួនទៀតបម្រុងលើកដាក់លើម៉ូតូ ត្រូវបានសន្តិសុខយាមកាមឃើញទាន់ចាប់ខ្លួនបានម្នាក់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចក្រុមហ៊ុន7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ វ៉ន ចាន់ថា ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា មានទីលំនៅភូមិត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល រីឯជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនទី១/ឈ្មោះ វាសនា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ( និងទីពុំទាន់ស្គាល់អត្តសញ្ញាណ ។
ក្នុងការចាប់ខ្លួននេះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ម៉ូតូកង់បីឥណ្ឌា១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1M-4443 ,កៅអីរថយន្ត៨ ,ចាន១កញ្ច្រែង និងម៉ាស៊ីនពោងខ្យល់ចំនួន១ ។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ វ៉ន ចាន់ថា បានដឹកជនសង្ស័យឈ្មោះ វាសនា និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ទៅធ្វើសកម្មភាពគាស់ឃ្លាំង ចូលលួចយកកៅអីរថយន្ត ក្នុងឃ្លាំងក្រុមហ៊ុន7NGបានកៅអីរថយន្ត ចំនួន០៨កៅអី ,ចាន១កញ្ច្រែង និងម៉ាស៊ីនពោងខ្យល់ចំនួន០១ រួចនាំគ្នាសែងចេញរៀបចំដាក់លើម៉ូតូកង់បី ខណៈនោះ ត្រូវបុគ្គលិកក្រុមហ៊ុន7NG ឃើញទាន់ ក៏ឃាត់បានជនសង្ស័យ១នាក់ ឈ្មោះ វ៉ន ចាន់ថា ឯពីរនាក់ទៀតរត់គេចខ្លួនបាត់ ។ បន្ទាប់មកបុគ្គលិកក្រុមហ៊ុន7NG ប្រគល់ជនសង្ស័យជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ