ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនក្នុងខារ៉ាអូខេជិនជន វាយនារីមេការ និងសង្សារផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖ ​នារីជនជាតិខ្មែរជាមេការខារ៉ាងអូខេមួយកន្លែង បានទាស់សម្តីគ្នាជាមួយនារីជាអ្នកមេការចិន រឿងបុគ្គលិកប្រុសជាជនជាតិវៀតណាម តែងខ្លួនជាមនុស្សស្រីទៅអង្គុយជាមួយភ្ញៀវនៅក្នុង KTV ជាមួយគ្នារហូតប្រើហិង្សាទៅវិញ ទៅមកស្រាប់តែបុរសជាសង្សារ និងប្អូនប្រុសនារីមេការមកជួយបែរជាបុរសជនជាតិចិនមួយក្រុម ជាបុគ្គលិកវាយបណ្តាលឲ្យរងរបួស និងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅមជ្ឈមណ្ណលកំសាន្ត​ យីហោ​ ជិន​ ជន​ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

បើតាមសម្ដីនារីរងគ្រោះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា មុនកើតហេតុ គាត់បានចូលធ្វើការដូចសព្វដង ខណ:កើតហេតុ ក៏មានទំនាស់ពាក្យសម្ដីជាមួយមេការចិន រឿងបុគ្គលិកប្រុស តែតែងខ្លួនជាស្រីមកធ្វើការបម្រើភ្ញៀវ ។ បន្ទាប់មក ក៏មានការឈ្លោះប្រកែកគ្នា រហូតមានភាគីខាងជនជាតិចិន៣ ទៅ៤នាក់ បានអូសនារីរងគ្រោះចេញមកក្រៅ ហើយទះ២ទៅ៣កំផ្លៀង ទើបធ្វើឲ្យបុរសម្នាក់ ជាសង្សារខាងនារីរងគ្រោះស្ទុះទៅជួយ និងវាយតបគ្នាមួយសន្ទុះ រហូតមានបងប្អូនប្រជាពលរដ្ឋ ជួយអន្តរាគមន៍ចាប់បំបែកពីគ្នា ។

ដោយមិនអស់ចិត្ត ព្រោះនារីរងគ្រោះ ត្រូវបានភាគីខាងជនជាតិចិនព្រួតវាយធ្វើបាប ទើបរូបនាង និងសង្សារបាននាំគ្នា ជិះម៉ូតូទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ។

សូមបញ្ជាក់ផងដែរថា​ ទីតាំងខាងលើកន្លងមកធ្លាប់មានបុរសជនជាតិចិនវាយធ្វើបាបនារីបំរើការងារក្នុងខារ៉ាអូខេខាងលើជានជាតិខ្មែរ និងបង្ខំឲ្យដេកជាមួយភ្ញៀវទៀតផង ៕ សុខាសែនជ័យ


ចែករំលែក៖