ខេត្តកណ្តាល៖ ប៉ូលិសចរាចរណ៍ម្នាក់ ខណៈកំពុងបំពេញភារកិច្ចតាមដងផ្លូវ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្តបុកទាំងកម្រោល បណ្ដាលឲ្យខ្ទាត៥ម៉ែត្ររងរបួសធ្ងន់បាក់ជើងទាំងសងខាង និងបាក់ឆ្អឹងចង្កេះ ស្រាំលលាដ៏កកឈាមក្នុងខួរក្បាលគួរឲ្យអាសូរ ។ ក្រោយមានហេតុការណ៍កើតឡើង ជនបង្កបានព្យាយាមបើករថយន្តយកទៅប្លុងចោលរួចគេចខ្លួនបាត់ ។
ករណីនេះកើតឡើង នាពេលយប់ត្រង់ចំណុចភ្លើងស្តុបស្ពានព្រែកហូរ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ប៉ូលិសចរាចរណ៍ដែលត្រូវរថយន្តបើកបុកពេលបំពេញការងារនោះឈ្មោះ ទូច សៅហេង មានតួនាទីជា នាយរងផ្នែក មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក ។ ចំណែកឯរថយន្តបង្កម៉ាកតូយូតា តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2S-3669 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ ។
លោកឆេង សំអឿន នាយការិយាល័យចរាចរណ៍ជើងគោកបានឲ្យដឹងថា លោក ទូក សៅហេង និងប៉ូលិសចរាចរណ៍៥រូបទៀតត្រូវបានចាត់ឲ្យឈរជើងនៅគោលដៅស្តុបស្ពានព្រែកហូរលើកំណាត់ផ្លូវជាតិលេខ២ ដើម្បីសម្រួលចរាចរណ៍នៅទីនោះ ។ នៅមុនពេលកើតហេតុលោក ទូច សៅហេង បានចេញឈរបញ្ជាចរាចរណ៍ដោយបានបញ្ជាឲ្យរថយន្តតាកូម៉ាមួយគ្រឿងឈប់ មិនត្រឹមតែមិនស្តាប់តាមការបញ្ជាអ្នកបើកបរដែលមានចរិកសាហាវព្រៃផ្សៃរូបនេះបានជាន់ហ្គាបន្ថែមល្បឿនបំបុកមន្ត្រីនគរបាលទាំងកម្រោលបណ្តាលឲ្យប៉ើងខ្ទាតប្រមាណ៥ទៅ៦ម៉ែត្រ ធ្វើឲ្យមន្ត្រីប៉ូលិសរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្កបានបើកគេចពីចំណុចកើតហេតុយករថយន្តទៅប្លុងចោល ត្រូវបានសមត្ថកិច្ចហៅរថយន្តស្ទូចៗយកទៅរក្សាទុក ដើម្បីចាត់ការតាមច្បាប់ ។
លោកនាយការិយាល័យបានបញ្ជាក់ថា ចំពោះលោក ទូច សៅហេង ក្រោយពីពិនិត្យក្រុមគ្រូពេទ្យបានបញ្ជាក់ថា លោកទទួលរងរបួសបាក់ជើងទាំងសង្ខាង បាក់ឆ្អឹងចង្កេះ និងស្រាំលលាដ៏កកឈាមក្នុងខួរក្បាលទៀតផង បច្ចុប្បន្នកំពុងសង្រ្គោះ ។ ក្រោយពីទទួលបានព័ត៌មានមន្ត្រីនគរបាលត្រូវរថយន្តបុកពេលបំពេញការងារ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បញ្ជាឲ្យរថយន្តសាមុយចេញដឹកមន្ត្រីមានរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ និងបានឧបត្ថម្ភថវិកាចំនួន៤លានរៀលដល់ភរិយាមន្ត្រីនគរបាលទុកសម្រាប់ជួយសម្រួលដល់ការព្យាបាល ។ មួយផ្នែកទៀតលោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ក៏បានបង្កើតមូលនិធិសង្រ្គោះ ដោយមានមន្ត្រីប៉ូលិសខេត្តកណ្តាលជាច្រើនរូបចូលរួមឧបត្ថម្ភដល់ជនរងគ្រោះដែលជាមន្ត្រីប៉ូលិសដូចគ្នា៕ ស្អាងជ័យ