ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីក្នុងបន្ទប់ឡៅតឿឆាបឆេះអស់សម្ភារមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នៅ ខាងក្រោយហាងនំអប្សរា នៅផ្ទះលេខ៦ដេ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ម្ចាស់ផ្ទះឈ្មោះ ទួត សុផល ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។

ប្រភពពីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលកំពុងជាប់រវល់ធ្វើការងារនៅខាងក្រោយផ្ទះ ស្រាប់តែឮសំទ្បេងផ្ទុះ និងឃើញហុយផ្សែងចេញពីជាន់ឡៅតឿ ទើបមានការភ័យស្លន់ស្លោ ដោយពលរដ្ឋ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ឡើងទៅបាញ់ តែមិនរលត់ក៏រាយការប្រាប់សមត្ថកិច្ចមូលដ្ឋាន និង សមត្ថកិច្ចផ្នែករថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ដោយបាញ់ទឹកអស់ចំនួន២គ្រឿង ទើបភ្លើងរលត់ទៅវិញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងករណីអគ្គិភ័យនេះមិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ហើយក៏មិនមានអ្នករងរបួសនោះដែចំណែកសម្ភារខូចខាតវិញមាន គ្រែ ភួយ ពូក ខ្នើយ ខោអាវមួយចំនួន ត្រូវបានភ្លើងឆេះអស់៕ ចន្ទ លីហ្សា


ចែករំលែក៖