ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូតែម្នាក់ឯងមកធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ កំពុងតែជិះម៉ូតូឈប់រងចាំភ្លើងស្តុបបានសម្រេច ដោយមិនរំខានដល់នគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ ។
ករណីឆក់កាបូបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបមន្ទីរពេទ្យព្រះអង្គឌួង ផ្លូវលេខ១១៤ ស្ថិតសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់(ជនរងគ្រោះ)បានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅធ្វើការនៅបេឡាជាតិម្ដុំវត្តភ្នំ លុះជិះមកដល់ចំណុចខាងលើ បានឈប់ម៉ូតូរង់ចាំភ្លើងស្តុបនៅខាងមុខគេ ខណៈនោះស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល២០ឆ្នាំជាង បានជិះម៉ូតូមួយគ្រឿងម៉ាក ZoomerX ពណ៌ស មកឈប់ពីក្រោយរូបគាត់ ។ ភ្លាមនោះជនសង្ស័យក៏បញ្ឆេះម៉ូតូជិះមកអែបជិតគាត់ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយចំហៀងបានស្រេច រួចជិះគេចខ្លួនបាត់ទៅ ។
ដោយឡែកសម្ភារបាត់បង់រួមមាន៖ អត្តសញ្ញាណប័ណ្ណ១សន្លឹក ; ប័ណ្ណបើកបរ១សន្លឹក ;កាតធនាគា២សន្លឹក ;លុយដុល្លារ៦០០ដុល្លារ ; លុយខ្មែរ ៨០០,០០០ ; ទូរស័ព្ទដៃ១គ្រឿងម៉ាក OPPO ។
ក្រោយកើតហេតុជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ឲ្យជួយធ្វើអន្តរាគមន៍ ដើម្បីកំណត់មុខសញ្ញា ងាយស្រួលស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកដាក់ទោសតាមច្បាប់ ៕ស រស្មី