ខេត្តបន្ទាយមានជ័យ៖ ស្ត្រី២នាក់ម្តាយ និងកូនលង់ទឹកស្រះចម្ងាយពីភូមិជាង២គីឡូម៉ែត្រ គ្រាដេញគោទៅឃ្វាល នៅចំណុចគោកវល្លិ៍យាវ នៅខាងត្បូងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលមានចម្ងាយជាង២គីឡូម៉ែត្រ តែពេលល្ងាចបានបាត់មិនឃើញត្រឡប់មកវិញ បង្កឲ្យមានការភ្ញាក់ផ្អើល ពេលបងប្អូនទៅរកទើបដឹងថា៖ ជនរងគ្រោះ២នាក់ម្តាយ និងកូនបានលង់ទឹកស្រះ ស្លាប់ ។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកអធិការនគរបាលស្រុកព្រះនេត្រព្រះមាស ប្ញទ្ធី ឲ្យដឹងថា ជនរងគ្រោះជាម្តាយឈ្មោះ អួន ស៊ីន ភេទស្រី អាយុ ៤៨ឆ្នាំ នៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ និងកូនប្រុសឈ្មោះ តឿ តើយ អាយុ ៩ឆ្នាំ ។
លោកអធិការបានបន្តថា៖ តាមការរៀបរាប់ពីបងប្អូនជនរងគ្រោះ មុនពេលកើតហេតុ ២នាក់ម្តាយ និងកូននៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានាំគ្នាដេញគោទៅឃ្វាលនៅចំណុចគោក វល្លិ៍យាវ ចម្ងាយពីភូមិកក់ ប្រមាណជា ២.៥០០ម៉ែត្រ ខាងត្បូងភូមិ ។ លុះដល់ល្ងាច មិនឃើញម្តាយ និងកូនវិលត្រឡប់មកផ្ទះវិញ ឃើញតែសត្វគោ មកដល់ផ្ទះ បាត់ម្ចាស់ក៏មានការភ្ញាក់ផ្អើល ក៏នាំគ្នាទៅរកមើលក៏ ប្រទះឃើញស្បែកជើងចំនួន២គូ និងធុងដាក់ត្រីនៅលើខ្នងស្រះ ក៏នាំគ្នាចុះរាវរកក្នុងទឹកស្រះដែលមានជម្រៅទឹកប្រហែល២,៥០ម៉ែត្រ បណ្តោយ១០ម៉ែត្ រទទឹង៥ម៉ែត្រ ក៏ប្រទះឃើញសពម្តាយ រួចហើយបានស្រង់យកមកលើគោក បន្ទាប់មកក៏នាំគ្នារាវរកកូនបន្តទៀតក៏ប្រទះឃើញសពកូននៅចម្ងាយពីម្តាយប្រមាណជា៣ម៉ែត្រ ហើយក៏នាំគ្នាស្រង់មកយកមកផ្ទះ ។
លោកថា៖ ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់តាំងកម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យសាស្ត្រ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជប់វាវី សហការជាមួយគ្រូពេទ្យឃុំ អាជ្ញាមូលដ្ឋានភូមិ ឃុំ ចុះពិនិត្យពីស្ថានភាពសព ឃើញថា នៅលើខ្លួនសពម្តាយ និងកូនពុំមានស្លាកស្នាមអ្វីទាក់ទិននឹងករណីឃាតកម្មនោះឡើយ គឺពិតជាស្លាប់ដោយសារតែងលង់ទឹកមែន ។
តាម ការសន្និដ្ឋាន របស់សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យ សង្ស័យថា ជាដំបូងគឺកូនចុះងូតទឹកលង់មុន ពេលម្តាយឃើញកូនលង់ក៏ចុះទៅជួយ បណ្តាលលង់ស្លាប់ទាំង២នាក់តែម្តង ។
សពជនរងគ្រោះ ក្រោយពីពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា