ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ពេលយប់នៅ​តំបន់ផាត់សណ្តាយភ្លើងភ្លឺ​ដូច​មានសម្តែងល្ខោនបាសាក់

ចែករំលែក៖

នៅលើបឹងទន្លេសាប​​ក្នុងតំបន់ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ពេលរាត្រី​ គេឃើញអំពូលភ្លើងអណ្តែតលើទឹក​ស្អេកស្កះខៀវស្រងាត់ ដូចជា​មានការសម្តែងវង់ល្ខោនដែលមានអ្នកលក់ដូរគគ្រឹកគគ្រេង​ ។ បទល្មើសនេសាទ​ទាំងនោះ ត្រូវបានអនុញ្ញាត​ឲ្យធ្វើជាចំហរ​ ដោយគ្មានការ​បង្ក្រាប​នោះឡើយ ។ អាជ្ញាធរ​ខេត្តកំពង់ធំ​ចាត់តាំងសមត្ថកិច្ច​ដឹកនាំ​ដោយ​ថ្នាក់អភិបាលរងស្រុក​ចុះបង្ក្រាបបទល្មើស​នេសាទ​ក្នុងតំបន់បឹងទន្លេ​សាប​ក្នុងស្រុកកំពង់ស្វាយនោះដែរ ប៉ុន្តែវាគ្រាន់តែជារបៀប​វាយស្មៅបង្អើលពស់ តែប៉ុណ្ណោះ ។ អាជ្ញាធរ​បង្កើតក្រុមការងារ​ឲ្យចុះបង្ក្រាប​នៅពេលដែលដឹងថា ពួកជលផល​កំពុងកាក់កប​យ៉ាងសម្បើម​ជុំវិញបញ្ហាបទល្មើសនេសាទ ហើយ​អាជ្ញាធរ​មិនបានផលប្រយោជន៍​ដូច្នេះ ក៏បង្កើត​ក្រុមការងារ​ឲ្យចុះបង្ក្រាបដែរ ក្រែងបានលាភសក្ការ​ ។

សេចក្តីរាយការណ៍បាន​ឲ្យដឹងថា បទល្មើសនេសាទ​នៅក្នុងដែនសមត្ថកិច្ច​របស់លោកយ៉ាន់ វិសាក់ ហៅសែ បានកើត​មាន​ជាចំហរ​ហើយអាជ្ញាធរខេត្ត​បានចាត់តាំង​លោក ឡាង សារ៉ូ អភិបាលរងស្រុកកំពង់ស្វាយដើម្បីចុះបង្ក្រាបបទល្មើស​ ព្រោះដឹងថា ក្រុមលោកយ៉ាន់ វិសាក់ ត្រូវប៉ាន់សម្បើម​ពីបញ្ហា​បទល្មើសនេសាទ​នៅតំបន់ផាត់សណ្តាយ ។ គោលការណ៍គឺចង់ឲ្យអាជ្ញាធរស្រុក​ចុះទៅ​ស្វែងរកលាភសក្ការ​ពីបញ្ហាបទល្មើស​នៅតំបន់នោះខ្លះ ពីព្រោះ​នៅខេត្តកំពង់ធំនរណាក៏ល្បី​រឿងលោកយ៉ាន់ វិសាក់ ហៅសែ ត្រូវប៉ាន់​យ៉ាងសន្ធឹក​អំពីបញ្ហាបទល្មើសនេសាទនោះដែរ ។ ប៉ុន្តែលោក​យ៉ាន់ វិសាក់ មិនសែនព្រេន​លោកអភិបាលរងខេត្តនោះឡើយ ។ ដូច្នេះការបង្កើត​ក្រុមការងារ​ឲ្យចុះបង្ក្រាបបទល្មើសនេសាទ ក្រៅតែពី​ដើម្បីរកលាភសក្ការ គោលដៅ​មួយទៀត​គឺចង់វាយកម្ទេចឆ្នាំង​បាយរបស់លោកយ៉ាន់ វិសាក់ ហៅសែ នេះឯង ។

បើតាមសេចក្តីរាយការណ៍បាន​ឲ្យដឹងថា នាគ្រាកន្លងមកពួកឈ្មួញធំៗ​បានបង់ប្រាក់ផ្តាច់ទៅ​ឲ្យលោកយ៉ាន់ វិសាក់ ហៅសែ ដើម្បីអាច​ប្រព្រឹត្តបទល្មើ​សនេសាទ​បានដោយមិនញញើត ។ ដោយមានការរិះគន់ចំពោះអាជ្ញាធរខេត្តកំពង់ធំនោះផង ទើបថ្នាក់ដឹកនាំខេត្ត​ដែលមិនទទួលបាន​លាភសក្ការ​ចាត់តាំងក្រុមការងារផ្សេង​ឲ្យចុះ​បង្ក្រាបបទល្មើស​។ បើទោះជាយ៉ាងនេះ​ក៏ដោយ លោកយ៉ាន់ វិសាក់ មិនខ្វល់នោះទេ ពីព្រោះ​លោកមាន​ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ​លោក ប៉ែន វណ្ណរិទ្ធ ជាអ្នកការពារ​ ពីព្រោះថា ផលប្រយោជន៍ដែលទទួលបាន​ពីបទល្មើស​នេសាទ ក្នុង​តំបន់ផាត់សណ្តាយ នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនោះ ត្រូវបានចែករំលែក ជូនលោកប៉ែន វណ្ណរិទ្ធ ហើយលោកប៉ែន វណ្ណរិទ្ធ ចែករំលែកបន្ត​លោកសុខ លូ អភិបាលខេត្តកំពង់ធំយ៉ាងណានោះ វាជារឿង​របស់លោកប្រធានមន្ទីរ ៕


ចែករំលែក៖