ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បម្លាស់ទីបទល្មើស​នេសាទ​ត្រូវបង់ឲ្យលឹម សុក្រឹត ១០០ដុល្លារ

ចែករំលែក៖

បទល្មើសនេសាទ​នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបាន​អនុញ្ញាត​ឲ្យធ្វើជាចំហរ​ដោយមិនមាន​ការបង្ក្រាបពីសមត្ថកិច្ចជំនាញ​នោះឡើយ ។ នៅ​ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ បទល្មើសនេសាទ​បានកើតឡើង​យ៉ាងសកម្ម គ្មានមន្ត្រីជលផលណា​ចុះបង្ក្រាបឡើយ ផ្ទុយទៅវិញ ពួកមន្ត្រីជលផល​ជាអ្នកឃុបឃិត​ឲ្យមានបទល្មើសនោះថែមទៀត។ ពួកជលផល​អះអាងថា ឆ្នាំនេះ ស្ថានភាពទឹកទន្លេ​ឆាប់ឡើង ឆាប់ស្រក ធ្វើ​ឲ្យទិន្នផល​ត្រីថយចុះ និយាយឲ្យខ្លី ឆ្នាំនេះ​គ្មានត្រី​ដូចឆ្នាំមុនៗនោះឡើយ ។ ដូច្នេះ​បទល្មើសនេសាទ​មានតិចតួច​តែប៉ុណ្ណោះ ។ ប្រសិនបើមានបទល្មើស​តិចតួច​ហើយ​បង្ក្រាបទៀត​នោះ​ គឺហាក់ដូចជាច្របាច់កអ្នកនេសាទពេកហើយ ។

ប៉ុន្តែផ្ទុយទៅវិញ ក្រុមអ្នកនេសាទ​នៅតំបន់បឹងទន្លេសាប​ក្នុងស្រុក​បាកានពាសវាលពាសកាលនោះ សុទ្ធតែត្រូវបង់លុយ​ឲ្យមន្ត្រីជលផល ដែលក្នុងនោះ មេជលផលប្រចាំស្រុកបាកាន គឺលោកលឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលបាកាន ។ បច្ចុប្បន្ននេះ ដោយស្ថានភាពទឹកទន្លេសាប​ស្រកចុះ​យ៉ាងខ្លាំង ដូច្នេះអ្នកប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់​ត្រូវរំកិល​បទល្មើសរបស់ខ្លួន​ទៅតាមស្ថានភាពទឹក ។ ប៉ុន្តែមុនរំកិល​បទល្មើស​ដូចជា បរ ត្រូវបង់លុយ​ឲ្យលោក លឹម សុក្រឹត ក្នុងមួយទីតាំង១០០ដុល្លារ ។ ប្រសិនបើ​មិនសុំច្បាប់​ដើម្បីរំកិលទីតាំងទៅតាមស្ថានភាពទឹកទេនោះ គឺមិនអាចដាក់បទល្មើស​បាននោះឡើយ ។ អ្នកនេសាទអះអាងថា វាជារឿងធម្មតា​ដែលត្រូវបង់លុយ​ឲ្យក្រុមជលផល បើមិនដូច្នោះទេ មិនអាចប្រព្រឹត្តល្មើសបានឡើយ ។

លោកលឹម សុក្រឹត គឺជាមន្ត្រីជលផលវ័យក្មេង​ដែលប្រព្រឹត្តអំពើពុករលួយជាចំហរ​នៅតំបន់បឹងទន្លេសាប ក្នុងស្រុកបាកាន ។ លោកបានដើរនិយាយប្រាប់​ពួកអ្នកនេសាទល្មើសច្បាប់នៅតំបន់នោះថា លោកបានចំណាយប្រាក់​អស់ច្រើនណាស់​ដើម្បីបានកាន់តំណែង​នៅបាកាននេះ ដូច្នេះ​ត្រូវតែស្រង់ដើមខ្លះទើបបាន ។ បើតាមប្រភពអះអាងថា បទល្មើសនេសាទ​ទ្រង់ទ្រាយធំ​ត្រូវបង់ប្រាក់​រហូតដល់​កន្លះម៉ឺនដុល្លារ ដែលជាការបង់ប្រចាំឆ្នាំ និងអ្នកនេសាទ​ធុនមធ្យម​ត្រូវបង់យ៉ាងហោចណាស់​១ពាន់ដុល្លារ ប៉ុន្តែនៅពេលផ្លាស់ប្តូរ​​ទីតាំង​ប្រព្រឹត្តល្មើស​ត្រូវបង់លុយ​ម្តងទៀត ។ ពួកអ្នកនេសាទនិយាយថា ម៉ាត់ណាក៏ត្រូវបង់លុយជូន​លោកលឹម សុក្រឹត​នោះដែរ ទើបអាចរកស៊ីបាន បើមិនដូច្នោះទេ មុខជាត្រូវប្រឈមនឹងការចាប់​​ថតផ្សាយតាមទូរទស្សន៍​ខ្មាស់គេជាមិនខានឡើយ ៕


ចែករំលែក៖