ភ្នំពេញ៖ អ្នកនិពន្ធ និងដឹកនាំភាពយន្តស្រីល្បីឈ្មោះអ្នកស្រីពាន់ ភួងបុប្ផា បានបញ្ចេញស្នាដៃនិពន្ធប្រលោមលោកថ្មីក្រោមចំណងជើងថា ពេលលម៉ែចាស់ទៅ ។ ការបញ្ចេញស្នាដៃថ្មីចុងក្រោយនេះគឺត្រូវបានធ្វើឡើងក្រោយពីអ្នកស្រីខកខានក្នុងការតែងនិពន្ធប្រលោមលោកអស់ប្រមាណ៤៨ឆ្នាំកន្លងមកហើយ និងជាវណ្ណកម្មដំបូងរបស់ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកកាមាសផងដែរ។
ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះនៅរោងភាពយន្ត លេជេនសាខាអេដិន ក្រោមវត្តមានអ្នកនិពន្ធអក្សរសិល្ប៍ សិល្បករសិល្បការិនីប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួម។ អ្នកស្រីថាគម្លាតវ័យកាន់តែឆ្ងាយម្តាយកាន់តែចាស់ខុសពីនៅក្មេងកូនតែងយំសុំតាមអ្នកម្តាយទៅគ្រប់ទីកន្លែង ឥឡូវមានក្រុមគ្រួសារដោយឡែកតើកូនៗអាចយល់ពីអ្នកម្តាយដូចមុនទេតើអាចឲ្យម្តាយទៅដើរតាមកូនគ្រប់ពេលដូចមុនទេ ហើយដើម្បីឲ្យដឹងកាន់តែច្បាស់គឺការតាមដានសាច់រឿងតាមរយៈស្នាដៃថ្មីមួយនេះ។ អ្នកស្រីថាសៀវភៅប្រលោមលោកថ្មីនេះគឺជាសាច់រឿងថ្មី អាចនិយាយបានថាជាទឹកចិត្តម្តាយវគ្គ៣។ អ្នកស្រីថាកន្លងមកអ្នកស្រីធ្លាប់បង្ហាញស្នាដៃបែបភាពយន្តទឹកចិត្តម្តាយដែលឆ្លុះបញ្ចាំងពីការធ្វើបុណ្យទាន់ខែភ្លឺ ។ ទី២គឺនិយាយអំពីទឹកចិត្តម្តាយមានតែ១ ហើយសម្រាប់ទី៣នេះគឺនិយាយអំពីពេលដែលម៉ែចាស់ទៅ។ អ្នកស្រីថាអស់រយៈពេល៤៨ ឆ្នាំមកហើយដែលអ្នកស្រីខកខានក្នុងការតែងនិពន្ធជាសៀវភៅ ហើយស្នាដៃថ្មីនេះក៏ដើម្បីបម្រើការនិយមរបស់ប្រិយមិត្តដែលចូលចិត្តអានសៀវភៅ។
អ្នកស្រីថាក៏ជាយុទ្ធសាស្ត្រថ្មីដើម្បីជួយបង្វែឲ្យមានការនិយមអានសៀវភៅឡើងវិញ និងរួមចំណែកបង្កើនគុណភាពនិបរិមាណនៃសៀវភៅប្រលោមលោកនៅលើទីផ្សារផងដែរ។ អ្នកនិពន្ធវ័យ ៦៥ ឆ្នាំរូបនេះបញ្ជាក់ថា ក្រៅពីបញ្ចេញស្នាដៃជាសៀវភៅប្រលោមលោកអ្នកស្រីក៏គ្រោងនឹងយកស្នាដៃថ្មីមួយនេះបង្កើតជាស្នាដៃភាពយន្តទី២៩ របស់អ្នកស្រីនៅពេលឆាប់ៗខាងមុខ ហើយតាមការគ្រោងទុកភាពយន្តនិយាយពីអ្នកម្តាយថ្មីនេះនឹងចាក់បញ្ចាំងក្នុងអំឡុងទិវាអ្នកម្តាយនាអំឡុងខែឧសភា ឆ្នាំ ២០២០។
អ្នកស្រីរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីមិត្តអ្នកអានព្រោះតែប្រលោមលោកនេះនិយាយអំពីរឿងពិត តថភាពដែលកំពុងកើតមានក្នុងសង្គមបច្ចុប្បន្ន ពោលគឺងាយមើល និងអាចអានបានគ្រប់វ័យ គ្រប់ឋានៈ។ អ្នកស្រីថាទោះមិនមានការផុសផុលច្រើនក្នុងការអាន ប៉ុន្តែអ្នកស្រីយល់ថាមានយុវវ័យច្រើនបានយល់ពីសារៈសំខាន់នៃការអាន ខណៈការសរសេររបស់អ្នកនិពន្ធកាន់តែច្រើនដើម្បីជាជម្រើសសម្រាប់អ្នកអានផងដែរ។ ជុំវិញវិស័យភាពយន្តអ្នកស្រីនៅតែបន្តផលិតភាពយន្តសម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជនដដែលទាំងភាពយន្តខ្នាតធំ និងភាពយន្តភាគនៅលើកញ្ចក់ទូរទស្សន៍ផងដែរ៕ វឌ្ឍនា