ឥឡូវនេះបញ្ហាបទល្មើសនេសាទលែងជាកង្វល់របស់អាជ្ញាធរខេត្តពោធិ៍សាត់ ក៏ ដូចជាមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៀតហើយ ពោលគឺគេបើកចំហ ដោយ អនុញ្ញាតឲ្យពួកអ្នកនេសាទប្រព្រឹត្តអំពើល្មើសច្បាប់ដោយសេរី។ ក្នុងនោះសូម្បីតែ តំបន់អភិរក្សអតីតឡូត៍នេសាទលេខ២ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ក៏លែង ក្លាយជាតំបន់អភិរក្សទៀតដែរ ពោលគឺបើកចំហឲ្យមានការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ដោយសេរី គ្រាន់តែបង់លុយឲ្យលោក លឹម សុក្រឹត នាយសង្កាត់ រដ្ឋបាលជលផលបាកានរួចជាការស្រេច។ ពួកអ្នកនេសាទអះអាងថា ឆ្នាំនេះទាំង អាជ្ញាធរ និងជំនាញធូររលុងក្នុងបញ្ហាបទល្មើសនេសាទ ព្រោះតែគេគិតថា មិនមាន ត្រីដូចឆ្នាំមុនៗ។ ដូច្នេះបន្ធូរបន្ថយបន្តិចទៅ។ ប៉ុន្តែសម្រាប់លោក លឹម សុក្រឹត មិនបាន បន្ធូរបន្ថយទេ គឺដើរយកលុយគ្រប់ទីកន្លែង។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បទល្មើសនេសាទទ្រង់ទ្រាយធំរីកដុះដាល យ៉ាងសម្បើម នៅក្នុងដែនអភិរក្សអតីតឡូត៍នេសាទលេខ២ ស្ថិតក្នុងតំបន់ បឹង ទន្លេសាប ស្រុកបាកាន ខេត្តពោធិ៍សាត់។ មិនថាតំបន់អភិរក្ស ឬក្រៅតំបន់នោះទេ គឺ សុទ្ធតែមានបទល្មើស ហើយលោក លឹម សុក្រឹត ជាអ្នកដើរយកប្រាក់ពីអ្នកនេសាទ ទាំងនោះ មិនឲ្យចន្លោះមួួយកន្លែងណាឡើយ។ អ្នកនេសាទល្មើសច្បាប់ទាំងនោះ អះអាងថា សមត្ថកិច្ចដទៃ ដូចជា កងរាជអាវុធហត្ថ ឬនគរបាលសេដ្ឋកិច្ច ហាក់ដូចជា មិនទារលុយកាក់ច្រើនពេកទេ ព្រោះគេដឹងថាឆ្នាំនេះខ្សត់ត្រី។ ប៉ុន្តែខាងពួកជលផល ពោលគឺលោក លឹម សុក្រឹត បង្គាប់យកលុយរាប់ពាន់ដុល្លារ ដោយសំអាថា ជាបញ្ជាថ្នាក់លើ ដែលតម្រូវឲ្យយកច្រើនយ៉ាងដូច្នេះ។
គេរាយការណ៍ទៀតថា បទល្មើសប កំពុងពេញនិយមនៅក្នុងស្រុកបាកាន ខេត្ត ពោធិ៍សាត់ ដោយពួកឈ្មួញបង់ប្រាក់ជូនពួកមន្ត្រីជំនាញជលផល។ ពួកគេនិយាយថា ត្រូវតែបង់លុយឲ្យលោក លឹម សុក្រឹត ជាដាច់ខាត ក្នុងនោះគ្រាន់តែបន្លាស់ទីបទល្មើស ចេញពីកន្លែងមួយទៅកន្លែងមួយតាមស្ថានភាពទឹក ក៏ត្រូវបង់ប្រាក់ជូនលោក លឹម សុក្រឹតនោះដែរ។ គេនិយាយទៀតថា ឆ្នាំនេះពុំសូវមានត្រីប៉ុន្មានទេ ដូច្នេះធនធានដែល ប្រមូលបានពីការនេសាទល្មើសច្បាប់ គ្រាន់តែសម្រាប់បង់ឲ្យលោក លឹម សុក្រឹត តែប៉ុណ្ណោះ។ អ្នកខ្លះនិយាយថា នៅលើទឹកបើមិនរកត្រីបានអ្វីស៊ី? ប៉ុន្តែទីបំផុតរក សម្រាប់តែបង់ឲ្យពួកជលផល គឺលោក លឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផល បាកានតែប៉ុណ្ណោះ។ លោក លឹម សុក្រឹតប្រាប់អ្នកនេសាទល្មើសច្បាប់ថា មិនមែន ទុកក្នុងហោប៉ៅខ្លួនឯងទេ គឺចែករំលែកឲ្យទៅមេៗថ្នាក់លើដែរ។ មិនដឹងនរណាខ្លះជាមេថ្នាក់ លើ ដែលទទួលលាភសក្ការៈពីលោក លឹម សុក្រឹតនោះទេ៕