ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៩ , លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនា ជូនលោក Sugano Yuichi , លោក Tanaka Kotaro ជាប្រធាន អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA ) ប្រចាំនៅកម្ពុជា និងគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ជូនលោក Kengo Matsuda លេខាទី២ ស្ថានទូតជប៉ុន , មន្រ្តី JICA , ប្រធានទីប្រឹក្សាបច្ចេកទេស ជាបេសកជនជប៉ុន សរុបចំនួន៨រូប ដែលមានស្នាដៃល្អក្នុងការបំពេញបេសកកម្មការងារ និងកិច្ចសហការផ្តល់ឥណទានសម្បទាន និងជំនួយឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុនលើវិស័យធនធានទឹក និងឧតុនិយម ។
ក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា និងសហការី ដែលត្រូវបាន ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលលោក Sugano Yuichi និងសហការី ខិតខំប្រឹងប្រែងបំពេញនាពេលកន្លងមក ដែលបានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការបានល្អប្រសើររវាងក្រសួងធនធានទឹក និងឧតុនិយម និង JICA តាមរយៈការគាំទ្រលើការគ្រប់គ្រងនិងអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។
ជាមួយគ្នានោះផងដែរ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្រ្តី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបាន និងកំពុងរួមចំណែកជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ដោយឡែកលើវិស័យធនធានទឹកផងដែរ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃ ។
លោក Sugano Yuichi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA ) ប្រចាំនៅកម្ពុជា បានសំដែងនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ដែលលោកមានកិត្តិយសបានទទួលនូវគ្រឿងឥស្សរិយយសនៅពេលនេះ ហើយលោកក៏សូមថ្លែងនូវអំណរគុណ ចំពោះ លោករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសូមអរព្រះគុណចំពោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់រូបលោកនៅពេលនេះ ហើយរូបលោកជាប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA ) ប្រចាំនៅកម្ពុជា ប្តេជ្ញានឹងនៅតែបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងធនធានទឹក និងឧតុនិយម ។ លោកប្រធាន JICA ប្រចាំកម្ពុជា បានគោរពថ្លែងអំណរគុណជាពិសេស ចំពោះលោករដ្ឋមន្រ្តីផ្ទាល់ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់រូបលោក និងសហការី ក្នុងការបំពេញការងារនាពេលកន្លងមក និងសម្រាប់ពេលខាងមុខ ហើយនឹងបន្តឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីធ្វើឲ្យវិស័យធនធានទឹក ដើរតួនាទីជាស្នូលកាន់តែសំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកលូតលាស់ជាបន្ត ប្រកបដោយចីរភាព ។
សូមជម្រាបថា រហូតមកដល់ពេលនេះ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ជប៉ុនបានជួយគម្រោងពាក់ព័ន្ធមួយចំនួនមានជាអាទិ៍ដូចជា ការងារស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត, ការប្រើប្រាស់ធនធានទឹកអាងទន្លេ, ការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្នែកបច្ចេកទេសតាមរយៈការចាត់បញ្ជូនជំនាញការ/ទីប្រឹក្សារយៈពេលខ្លី និងមធ្យម បម្រើការជួយក្នុងគម្រោងរបស់ក្រសួងផងដែរ ៕
ដោយ៖ សុខ ខេមរា