ព័ត៌មានទាន់ហេតុការណ៍៖

រឿងពលរដ្ឋនាំគ្នាធ្វើបាតុកម្មទម្លាក់ព្រះចៅអធិការវត្តគោកបញ្ជាន់ ព្រះអង្គមានសង្ឃដីកាថា លោកឧត្តមសេនីយ៍យោធា ២រូប និងគូកន បង្កាច់បង្ខូចព្រះកិត្តិនាមព្រះអង្គផ្ដើមចេញពីរឿងដីធ្លីរបស់វត្ត

ចែករំលែក៖

ភ្នំពេញ៖ រឿងពលរដ្ឋនាំគ្នាធ្វើបាតុកម្មទម្លាក់ព្រះចៅអធិការវត្តគោកបញ្ជាន់ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នោះ ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្ត បានមានសង្ឃដីកាថា គឺពាក់ព័ន្ធករណីមន្រ្តីយោធាថ្នាក់ឧត្តមសេនីយ៍២នាក់ និងបក្ខពួក គឺទី១៖ លោក ហង្ស ប៊ុនណា និងទី២៖ លោក ហង្ស ប៊ុនឡេង និងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ សំអាត វាសនា ដែលជាមន្រ្តីយោធា នៅក្រសួងការពារជាតិ ដែលតែងដឹកនាំបាតុកម្មទម្លាក់ព្រះអង្គ ទាំងគ្មានកំហុសសោះ ដូច្នេះព្រះចៅអធិការបានទទូចបិណ្ឌបាតដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជួយពិនិត្យផង ។

ព្រះចៅអធិការ បានមានសង្ឃដីកាបន្តថា ផ្ទុយទៅវិញមានលោកឧត្តមសេនីយ៍២រូបខាងលើនេះ និងគូកនមួយចំនួនទៀត បានតាមរករឿងឈ្នានីសបង្កាច់បង្ខូចព្រះកិត្តិនាមព្រះអង្គ និងគណៈកម្មការអាចារ្យជាច្រើនឆ្នាំមកហើយ តាមរយៈការធ្វើបាតុកម្មនេះហើយ ដែលបានធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ដោយរឿងហេតុនេះ ផ្ដើមចេញពីរឿងដីធ្លីរបស់វត្ត ដែលឧត្តមសេនីយ៍ទាំង២នាក់នេះ ចង់បាន ។

ព្រះចៅអធិការ មានសង្ឃដីកាបន្តទៀតថា មានបាតុករមួយក្រុមដឹកនាំដោយឈ្មោះ ហង្ស ប៊ុនឡេង និងកូនប្រុស ឈ្មោះ សំអាត វាសនា និងឈ្មោះ ពុំ ផល្លី បានសម្រុកចូលទៅក្នុងវត្តគោកបញ្ជាន់ ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយនាំគ្នាទាមទារឲ្យដកព្រះអង្គចេញពី ចៅអធិការវត្ត ព្រមទាំងបណ្ដេញព្រះអង្គចេញពីវត្ត ហើយដែលអ្នកចូលរួមធ្វើបាតុកម្មនោះ ពុំមែនជាពុទ្ធបរិស័ទចំណុះជើងវត្តនោះឡើយ ។

ពួកគេភាគច្រើន គឺជាកម្មករ កម្មការិនីរោងចក្រ ដែលឈប់សម្រាកពីការងារនៅថ្ងៃអាទិត្យ ហើយត្រូវបានមេខ្លោងខាងលើជួលក្នុងម្នាក់១០ដុល្លារ និងខ្លះទៀតប្រាប់ថា ទៅបើកអំណោយនៅក្នុងវត្ត ។ ប៉ុន្តែផ្ទុយទៅវិញ បែរជាធ្វើបាតុកម្មប្រឆាំងព្រះសង្ឃ ហើយក្រោយមកអ្នកទាំងខកចិត្ត និងក្រហាយគ្រប់គ្នា ព្រោះតែមេខ្លោងបោកប្រាស់អត់ឲ្យលុយ១០ដុល្លារ ដែលបានសន្យាឡើយ ។

ព្រះចៅអធិការអង្គ បានបន្តថា ពួកគេបានចោទព្រះអង្គថា បានលក់ដីវត្តទំហំ៧ម៉ែត្រ គុណ១៥០ម៉ែត្រទៅឲ្យឈ្មួញ ប៉ុន្តែព្រះអង្គពុំបានដឹងឡើយ ព្រោះបើតាមប្លង់ ដែលបានធ្វើនៅក្នុងឆ្នាំ២០០៥ ដីនោះគឺស្ថិតនៅក្រៅដីវត្តទេ ហើយកាលណោះអាជ្ញាធរសង្កាត់ ដែលមានលោក សុទ្ធ សាធ ជាចៅសង្កាត់ បានកាត់យកធ្វើជាផ្លូវ ឬលក់ដូរក៏ព្រះអង្គមិនបានដឹងដែរ ព្រោះជាដីក្រៅប្លង់វត្ត ។

ចំណែករឿងអធិករណ៍វត្ត បានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៦ ដែលកាលនោះមានមេក្លោង៤នាក់ បានដឹកនាំបាតុកម្មទម្លាក់ព្រះអង្គ គឺទី១៖ លោកឧត្តមសេនីយ៍ឯក ហង្ស ប៊ុនណា, ទី២៖ លោកឧត្តមសេនីយ៍ត្រី ហង្ស ប៊ុនឡេង, ទី៣៖ ឈ្មោះ ពុំ ផល្លី និងទី៤៖ ឈ្មោះ ឃី ជឺ ។ អ្នកទាំងនោះចង់លេបយកដីវត្ត តែមិនបានសម្រេច បែរជាមកប្ដឹងចោទប្រកាន់ព្រះអង្គ ជាអ្នកលួចលក់ដីវត្ត ឈ្មោះដីស្រះព្រះទន្លេ ទំហំជាង៣ហិចតាទៅវិញ ប៉ុន្តែក្រោយមកអាជ្ញាធរពាក់ព័ន្ធ បានស្រាវជ្រាវ រកមិនឃើញកំហុស ទើបដោះស្រាយបញ្ចប់រឿងអធិករណ៍តាំងពីពេលនោះមកហើយ ។ ប៉ុន្តែក្រុមនេះនៅតែមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ នៅតែបន្តរករឿងព្រះអង្គ ឥតឈប់រហូតដល់ពេលនេះ បានដឹកនាំធ្វើបាតុកម្មទម្លាក់ព្រះអង្គបែបនេះទៀត ។

ព្រះអង្គបានបញ្ជាក់ថា សូមពុទ្ធបរិស័ទទាំងឡាយ កុំយល់ច្រឡំទៅលើព័ត៌មានមិនពិតមួលបង្កាច់ បង្ខូចព្រះកិត្តយសរបស់ព្រះអង្គ និងនាំឲ្យខូចតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយព្រះសង្ឃ និងទីវត្តអារាមជាកន្លែងធ្វើបុណ្យទានផ្សេងៗ តែបែរជាមន្រ្តីយោធាខាងលើដឹកនាំបាតុកម្មអុកឡុក ជាបន្តបន្ទាប់បែបនេះទៅវិញ ។

ម្យ៉ាងទៀតយោធា គឺជាអ្នកការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារទឹកដី តែបែរជាមករឿងព្រះសង្ឃបែបនេះ ដូច្នេះព្រះសូមទទូចដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជួយពិនិត្យមើលលើឧត្តមសេនីយ៍យោធា និងកូនប្រុសម្នាក់ទៀត ដែលជាមន្រ្តីយោធា នៅក្រសួងការពារជាតិ ហើយតែងបានដឹកនាំបាតុកម្មទម្លាក់ព្រះអង្គ ទាំងគ្មានកំហុសបែបនេះ ។

ដោយឡែកពាក់ព័ន្ធករណីខាងលើ ភ្នាក់ងារកាសែតនគរវត្ត មិនទាន់អាចសុំការបកស្រាយពីក្រុមមន្រ្តីយោធាខាងលើនេះបានទេ ព្រោះគ្មានលេខទូរស័ព្ទ ៕ស តារា


ចែករំលែក៖