ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ចម្ការអំពៅប្រមាណ២២ហិកតារបស់ក្រុមហ៊ុនមួយនៅស្រុកស្វាយទាប ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់អ្នកយាមចម្ការប្រញាប់ប្រញាលបាញ់ពន្លត់ ប៉ុន្តែភ្លើងឆេះពេញក្រមុំទៅហើយដោយសមត្ថកិច្ចដាក់ការសង្ស័យថា មានមនុស្សលួចដុត ។
ហេតុការណ៍ភ្លើងឆេះចម្ការអំពៅនេះ បានកើតឡើងនៅវេលាម៉ោង៦ និង៤៥នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចស្រុកបានឲ្យដឹងថា ចម្ការអំពៅដែលរងការឆាបឆេះនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសុផាតសំណាង ហើយអគ្គិភ័យនេះ គឺមានរយៈពេលជាង២ម៉ោង ចាប់ពីម៉ោង៦ និង៤៥នាទីយប់ រហូតដល់វេលាម៉ោង៨ និង៥៩នាទីយប់ ទើបអន្តរាគមន៍បាញ់ពន្លត់ ខណៈមិនមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង មូលហេតុសង្ស័យមានជនមិនស្គាល់មុខដែលមានបំណងមិនល្អជាមួយម្ចាស់ចម្ការលួចដុត ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងទៀតថា អំពៅដែលឆេះទាំង២២ហិកតានោះ ត្រូវកាប់ប្រមូលផលនៅថ្ងែទី០៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដោយក្រុមហ៊ុនបានយករថយន្តធុនធំមកដាក់នៅក្បែរចម្ការអំពៅសម្រាប់ត្រៀមដឹកអំពៅចេញទៅក្រុមហ៊ុមស្ករអំពៅមួយនៅប្រទេសវៀតណាម ។
បន្ទាប់ពីសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលឃុំគគីរសោម សហការជាមួយនគបាលវរៈការពារព្រំដែនប៉ុស្តិ៍ព្រៃតាអីចុះស្រាវជ្រាវដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ យឹម សុថាន