ភ្នំពេញ ៖ បុរសបានបើករថយន្តម៉ាកford ranger ទាំងស្រវឹងស្រាឡើងទន់ខ្លួន ហើយរេចង្កូតជ្រុលទៅបុកនឹងរថយន្តឡិចស៊ីស៤៧០មួយគ្រឿងដែលចតស្ងៀមនៅលើផ្លូវ បណ្ដាលឲ្យរងការខូចខាត ហើយមិនទទួលខុសត្រូវ ព្យាយាមបើករត់បន្ថែមទៀតតែត្រូវម្ចាស់រថយន្តរងគ្រោះឃាត់ជាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ចំណុច៤៦២ កែងនឹងផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ វ័យប្រហែលជា៤៩ឆ្នាំ មិនដឹងថាចេញពីកម្មវិធីជួបជុំមិត្តភ័ក្ដិនៅទីណានោះទេ គឺបានបើករថយន្តបង្ក ម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-2007 បានធ្វើដំណើរតាមផ្លូវ លេខ៦៣ ទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនល្បឿន ហើយរេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុ ដោយសារតែស្ថានភាពស្រវឹងខ្លាំងពេក ទើបទប់ដៃចង្កូតលែងជាប់បណ្ដាលឲ្យ រថយន្តជ្រុលទៅបុក និងគូថ រថយន្តឡិចស៊ីស ៤៧០ ពណ៌មាស ពាក់ស្លាកលេខ សៀមរាប 2B -2032 ដែលចតស្ងៀមនៅលើផ្លូវ បណ្ដាលឲ្យរងការខូចខាត បែកស្តុបក្រោយចំហៀងខាងឆ្វេង និងកាងក្រោយ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។ ហើយភ្លាមៗនោះ អ្នកបើកបរ រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករត់រត់ទាំងរងការខូចខាត ថ្ពាល់មុខចំហៀងខាងស្ដាំ រហូតបានប្រហែល១០០ម៉ែត្រពីកន្លែងកើត ដល់ស្តុប៦៣ កែង និងផ្លូវម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដដែល ទើបម្ចាស់រថយន្តរងគ្រោះដេញឃាត់បាន ។
បន្ទាប់មក ភាគីទាំងសងខាង បានសម្របសម្រួលគ្នា មួយជំហាន ដោយខាងរថយន្ត ឡិចស៊ីស៤៧០ទារសំណងថ្លៃខូចខាតចំនួន៦០០ដុល្លារ តែខាងរថយន្តបង្កឲ្យ៥០០ដុល្លារ ហើយខាងរថយន្តរងគ្រោះ ក៍យល់ព្រម ស្រាប់តែខាងរថយន្តបង្ក ford ranger អត់មានលុយសង់ទៅវិញ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌចំការមនចុះមកដល់ បែកជាបុរសបើករថយន្តបង្ក មាន អាកប្បកិរិយា និងសម្តីមិនសមរម្យដាក់សមត្ថកិច្ចបន្ថែមទៀត ដោយដោះស្រាយគ្នាមិនចេញយូពេក ទើបសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕ ភារ៉ា ដង្កោ