ព័ត៌មានទាន់ហេតុការណ៍៖

ជុំ លីណូ ធ្វើឲ្យគេចាប់អារម្មណ៍តាមរយៈបទចម្រៀងប្រៀបធៀបប្រាក់ដុល្លារ និងប្រាក់រៀល

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុស ជុំ លីណូ បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្ត ជាថ្មីក្រោយពីលោកបញ្ចេញស្នាដៃបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយបង្កប់ដោយអត្ថន័យនៃការប្រៀបធៀបប្រាក់ដុល្លារ និងប្រាក់រៀល ។

បទចម្រៀង Original Song ថ្មីគឺបទ ប្រាក់រៀលចិត្តស្មោះ របស់តារាចម្រៀងត្រូវបានទស្សនិកជនលើបណ្តាញទំនាក់ទំនងសង្គមធ្វើការចែករំលែក និងចូលទស្សនរាប់សែននាក់ត្រឹមតែរយៈពេលជាងមួយសប្តាហ៍ ។ ក្រៅពីមានអត្ថន័យស៊ីជំរៅរឿងរ៉ាវស្នេហាសាវ៉ារត់រប្រុសអ្នកមានចាយដុល្លារ បោះបង់ស្នេហ៍អ្នកក្រចាយលុយរៀលនោះ បទចម្រៀងមួយនេះក៏រំលេចឲ្យឃើញពីអត្ថន័យលើកតំកើងនៃការប្រើប្រាស់ប្រាក់រៀលផងដែរ ។ ក្នុងជំនួបផ្ទាល់តារាប្រុសរូបនេះបញ្ជាក់ថា លោកសប្បាយចិត្ត ដែលទស្សនិកជនមានការគាំទ្រ និងស្នាដៃថ្មីមួយនេះ ។

លោកថា បទចម្រៀងនេះ និពន្ធទំនុកច្រៀង និងបទភ្លេងដោយ លោក សារិកាកែវ ។ ដោយសារទទួលបានការគាំទ្រលើបទចម្រៀងថ្មីមួយនេះលោកគ្រោង និងផលិតចេញជាការសម្តែង MV បន្តទៀតដែលបច្ចុប្បន្នកំពុងស្វែងរកអ្នកឧបត្ថម្ភដើម្បីឲ្យគុណភាពនៃការផលិតកាន់តែល្អប្រសើរ ។

លោក ជុំ លីណូ បានបន្ថែមទៀតថា តាមរយៈនេះ លោកសង្ឃឹមថា យុវវ័យខ្មែរទាំងអស់ និងកាន់តែឲ្យតម្លៃ ហើយគាំទ្រខ្ពស់ លើប្រាក់រៀលខ្មែរ ខណៈកន្លងមកហាក់មានបុគ្គលមួយចំនួនមិនសូវឲ្យតម្លៃលើប្រាក់រៀលនោះទេ ។ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ខ្មែរទាំងអស់ ត្រូវតែគាំទ្រ និងលើកកម្ពស់លុយខ្មែរឲ្យបានគ្រប់គ្នា ។

ទោះជាយ៉ាងណានេះ មិនមែនជាបទចម្រៀងដំបូងទេ ដែលលោក ជុំ លីណូ ទទួលបានការកោតសរសើរពីទស្សនិកជន ។ កន្លងមកតារាចម្រៀងរូបនេះ ធ្លាប់ទទួលបានការសរសើរពីមហាជន និងប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន លើស្នាដៃបទចម្រៀងមួយមានចំណងជើងថា ទឹកភ្នែកម៉ែលើខ្នោះដៃកូន ដែលបង្កប់ដោយអត្ថន័យស៊ីជម្រៅ ។ លោក បញ្ជាក់ថាស្នាដៃ ជាMV នៃបទចម្រៀងមួយនេះ និងចាប់ផ្តើមបញ្ចេញនៅសប្តាហ៍ក្រោយនេះហើយ ដែលលោករំពឹងថា និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។ ក្រៅពីបទទាំងនេះ លោកក៏មានគម្រោងបញ្ចេញស្នាដៃថ្មីដែលបង្កប់ដោយអត្ថន័យអប់រំសង្គមមួយចំនួនបន្ថែមផងដែរ ៕ វឌ្ឍនា


ចែករំលែក៖