ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋលែងបារម្ភពីការលិចទឹកនៅតំបន់រោងចក្រ QMI ខណៈអាជ្ញាធរកំពុងដាក់ប្រព័ន្ធលូប្រវែង៧៥០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃព្រីងខាងជើង១​ ភូមិព្រៃទា១​ និងព្រៃទា២​ នៃសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ កំពុងសប្បាយចិត្តលែងព្រួយបារម្ភ និងសាទរចំពោះអាជ្ញាធរ​ ដែលបានកាយប្រឡាយដាក់ជាប្រព័ន្ធលូប្រវែង៧៥០ម៉ែត្រដើម្បីបញ្ចៀសនូវគ្រោះទឹកជំនន់ ។

លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រង​ ចោមចៅទី៣ បានប្រាប់​ ភ្នាក់ងារការសែតនគរវត្តនៅព្រឹកថ្ងៃទី៤ ខែធ្នូ​​ ឆ្នាំ២០១៩​ ឲ្យបានដឹងថា​ កន្លងមក នៅតំនប់រោងចក្រ QMI និងមហាវិថីសហព័ន្ធរុស្ស៊ី​ តែងតែជួបនូវគ្រោះទឹកលិចនារដូវស្សា​ ពិបាក់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅ និងការធ្វើដំណើរទៀតផង ។

ដោយសារមើលឃើញទុក្ខលំបាកបែបនេះ អាជ្ញាធរក៏បានស្នើដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ជាប្រព័ន្ធលូបញ្ចៀសនូវគ្រោះទឹកជំនន់ងាយស្រួលដល់ការរស់នៅដល់ប្រជាពលរដ្ឋ ។

លោកបានបន្តថា​ ការស្ថាបនាប្រព័ន្ធលូខាងលើនោះ មានមុខកាត់១,៥០ម៉ែត្រ និងបណ្តោយ៧៥០ម៉ែត្រ​ ដោយឆ្លងកាត់៣ភូមិ​ គឺ​ ភូមិព្រៃព្រីងខាងជើង១​ ភូមិព្រៃទា១​ និងព្រៃទា២​ នៃសង្កាត់ចោមចៅទី៣​ រហូតមកដល់ពេលនេះ ស្ថាបនាបាន៦០គាគរយហើយ ។

លោកបានបន្តទៀតថា​ ក្រោយពីស្ថា​បនាប្រព័ន្ធលូរួចរាល់​ និងមានគម្រោងធ្វើជាផ្លូវបេតុងថែមទៀតផង ៕ សុខាសែនជ័យ


ចែករំលែក៖