ប្រភពស្និទ្ធនឹងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីបទល្មើសនេសាទកើតឡើងយ៉ាងរាលដាលនៅតំបន់បឹងទន្លេសាប នៃស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ គឺជាប្រភពចំណូលដ៏ធំរបស់លោក ភុំ វិមល ដែលកំពុងល្បីល្បាញខាងពុករលួយ ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ភុំ វិមល ទេនោះគឺមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននោះទេ ។ ជាក់ស្ដែងករណីលោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន ឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងគគ្រឹកគគ្រេង គឺដោយសារអាងមានលោក ភុំ វិមល ជាបង្អែកដ៏រឹងមាំ ។
ប្រជានេសាទជាលក្ខណៈគ្រួសារក្នុងតំបន់បឹងទន្លេសាប នៃស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ននេះលោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន និងមន្ត្រីក្រោមឱវាទឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកើតឡើងយ៉ាងគំហុក ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។ ទន្ទឹមនឹងនេះមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សម្ងំស្ងៀមទុកឲ្យលោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន ព្រមទាំងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត ។ សូម្បីតែ អភិបាលខេត្តពោធិ៍សាត់ និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក៏ធ្វើមិនដឹងមិនឮក្នុងខណៈដែលបទល្មើសនេសាទរាលដាលយ៉ាងគំហុកនៅតំបន់បឹងទន្លេសាប ស្រុកបាកាន ខេត្តពោធិ៍សាត់ នោះដែរ ។
តាមសេចក្ដីរាយការណ៍ពីប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប នៃស្រុកបាកាន បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងតំបន់អភិរក្សអតីតឡូត៍នេសាទលេខ២ កំពុងកើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំយ៉ាងរាលដាល ហើយអ្នកប្រព្រឹត្តបទល្មើសភាគច្រើនជាជនជាតិវៀតណាម ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបាកាន មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សអតីតឡូត៍នេសាទលេខ២នោះទេ ហើយលោក លឹម សុក្រិត និងបក្ខពួកតែងធ្វើសកម្មភាពប្រមូលលុយពីក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់យ៉ាងក្រអឺតក្រទម ។ ប្រសិនបើជនល្មើសណាមិនបង់លុយតាមការកំណត់របស់លោក លឹម សុក្រិត និងបក្ខពួកទេនោះ ត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខាន ហេតុនេះហើយទើបក្រុមជនល្មើសតែងបង់លុយមិនហ៊ានគេចវេះឡើយ ។
បើតាមប្រភពពីមន្ត្រីពាក់ព័ន្ធស្និទ្ធនឹងលោក លឹម សុក្រិត បានឲ្យដឹងថា ទាល់តែមានការបើកដៃពីសំណាក់លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ទើបលោក លឹម សុក្រិត អាចធ្វើអ្វីៗតាមអំពើចិត្ត ដោយមានការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយ ។ អាចនិយាយបានថា មួយផ្នែកធំនៃលុយដែលលោក លឹម សុក្រិត គាបយកពីក្រុមជនល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ ត្រូវបានបែងចែកទៅថ្នាក់លើរបស់ខ្លួនជាប្រព័ន្ធទើបបទល្មើសនេសាទក្នុងស្រុកបាកាន រាលដាលកាន់តែខ្លាំងឡើងៗ ។ ការដែលបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងពេញបន្ទុកក្នុងតំបន់បឹងទន្លេសាប នៃស្រុកបាកាន កំពុងធ្វើឲ្យធនធានត្រីប្រឈមនឹងសេចក្ដីវិនាសផុតពូជ ព្រោះឆ្នាំនេះត្រីនៅតំបន់បឹងទន្លេសាបស្រុកបាកាន មិនសម្បូរដូចឆ្នាំមុនៗឡើយ៕