កាលពី៤ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អាចនឹងត្រូវលើកទៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ហើយប្រការនេះបានធ្វើឲ្យទីផ្សារសកលមានភាពរំជើបរំជួល ខណៈគ្រប់គ្នានាពេលកន្លងមកនេះបានរំពឹងថា ប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ នៅចុងឆ្នាំ២០១៩ នេះ ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង (Hua Chunying) បានឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា «យើងនឹងមិនកំណត់កាលបរិច្ឆេទដើម្បីឲ្យកិច្ចព្រមព្រៀងនោះ នឹងត្រូវ ឬក៏នឹងមិនត្រូវចុះហត្ថលេខានោះឡើយ… ។ កិច្ចព្រមព្រៀង និងការចរចានានា ត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងដោយស្មើភាព…» ។
ជាមួយគ្នានេះទីផ្សារមូលបត្រ(ភាគហ៊ុន)អាស៊ីរងផលប៉ះពាល់យ៉ាងខ្លាំង នៅថ្ងៃ ទី៤ ខែធ្នូ ក្រោយពេលក្តីសង្ឃឹមនៃកិច្ចពិភាក្សាស្តីពី កិច្ចព្រមព្រៀងជាបឋមដើម្បីបញ្ចប់វិវាទពាណិជ្ជកម្ម ត្រូវបាន«រលត់» ។
ជាកស្តែង នៅលើទីផ្សារមូលបត្រមុនពេលបិទទ្វារ តួលលេខ ទីផ្សារ Hang Seng HIS របស់ហ៊ុងកុង បានធ្លាក់ចុះ១,៣ភាគរយ ។ ចំណែកតួលេខរបស់ Nikkei 225 របស់ជប៉ុនក៏បានធ្លាក់ចុះ១,១ភាគរយផងដែរ ។ ដោយឡែក តួលេខភាគហ៊ុន Shanghai Composite (SHCOMP)របស់ចិនក៏បានធ្លាក់ចុះ០,២ភាគរយ ។
ជាមួយគ្នានេះដែរ ទីក្រុងប៉េកាំងបានព្រមានថា ការដែលសភាអាមេរិក អនុម័តច្បាប់ អំពាវនាវឲ្យដាក់ទណ្ឌកម្មទៅលើប្រទេសចិន ស្តីពីបញ្ហាស៊ីនជាំង ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងដែលកំពុងតែល្អប្រសើរឡើង ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា« តើអ្នកគ្រប់គ្នាគិតថា ចិននឹងនៅស្ងៀមឬ បើអាមេរិក មានសកម្មភាពប្រឆាំង និងផលប្រយោជន៍របស់ចិននោះ» ។ ជាមួយគ្នានេះក្រុមអ្នកឯកទេសវិភាគទីផ្សារមូលបត្របានលើកឡើងថា អាមេរិកអនុម័តច្បាប់ប្រឆាំងចិន ជាប់ពាក់ព័ន្ធកោះហុងកុង និងស៊ីនជាង បានធ្វើឲ្យគម្រោងចុះកិច្ចព្រមព្រៀង ជាបឋមក្នុងវិស័យពាណិជ្ជកម្មត្រូវបាត់បង់ ។
នៅពេលនេះ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិកលោក Wilbur Ross បានលើកឡើងថាការពន្យារពេលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយប្រធានាធិបតីត្រាំ មិនរងគំនាបណាមួយនោះឡើយ ។ លោកបន្តទៀតថា ច្បាប់ដំឡើងពន្ធទៅលើទំនិញរបស់ចិន នៅតែបន្តអនុម័ត លើកលែងតែកិច្ចព្រមព្រៀងបានចុះហត្ថលេខា ។ ការដំឡើងពន្ធថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩៕