ភ្នំពេញ៖ មិនដឹងថា ជួបវិបត្តិផ្លូវចិត្តកម្រិតណានោះទេ បានជាធ្វើឲ្យក្មេងស្រីវ័យ១៨ឆ្នាំម្នាក់ សម្រេចចិត្តជិះកង់ចេញពីសាលារៀនមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកសំរោង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលសម្រេចចិត្តធ្វើអត្តឃាតមានឈ្មោះ អ៊ុន វិច្ឆិកា ភេទ ស្រី អាយុ១៨ ឆ្នាំមុខរបរ សិស្ស ស្នាក់ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុអ្នកបើករថយន្ដម្នាក់បាន ឃើញជនរងគ្រោះជិះកង់ពណ៌ក្រហមឡើងលើស្ពាន រួចដោះអាវរងា និងស្បែកជើងក្បែរកង់ ហើយឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោយម ភ្លាមៗនោះ អ្នកបើករថយន្ដទៅរាយការណ៍សមត្ថកិច្ចគោលស្ពានឡើងទៅដល់កន្លែងកើតហេតុតែម្ដង ។
ដោយឡែកសាច់ញាតិក្មេងស្រីរងគ្រោះបានប្រាប់ថានៅវេលាកើតហេតុខាងលើមានខលទូរស័ព្ទ ទៅប្រាប់គាត់ថា ប្រទះឃើញក្មេងស្រីម្នាក់ជិះកង់មកលោតទឹកនៅចំណុចលើស្ពានព្រែកសំរោង ភ្លាមៗនោះសច់ញាតិបានមកដល់កន្លែងកើតហេតុឃើញស្បែកជើងមួយគូរ អាវរងាពណ៌ខ្មៅមួយ និង កង់ពណ៌ក្រហមមួយគ្រួង បន្សល់ទុកនៅលើស្ពាន ប៉ុន្ដែមិនឃើញជនរងគ្រោះនោះទេ មិនដឹងថា លោត ទឹក ឬ ក៏បាត់ទៅណា ។ បន្ទាប់ពីសាច់ញាតិមកដល់កន្លែងកើតហេតុក៏បានជួលក្រុមជំនាញមុជទឹក ដើម្បីស្វែងរកជនរងគ្រោះ ប៉ុន្ដែក្រុមជំនាញមុជទឹកអស់រយៈពេលជាង២ម៉ោង នៅតែរកជនរងគ្រោះមិនឃើញទៀត ។
ក្រោយពេលកើតហេតុក្រុមគ្រួសារបាននាំគ្នាត្រលប់ទៅផ្ទះវិញ រង់ចាំដំណឹងនៅពេលក្រោយ ៕ សណ្តោស