ព័ត៌មានទាន់ហេតុការណ៍៖

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ! សម្តេចតេជោ ហ៊ុន សែន ៖ ស្ថាប័នសារព័ត៌មាន ត្រូវមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ៖ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវខ្ពស់និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា អ្នកសារព័ត៌មាន ត្រូវស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និង ហ៊ានទទួលយកការពិត ហើយធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គមនិងជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងឬព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខឬបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន ។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈ សារលិខិតផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ ដែលវេទិកា នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ក្រោមប្រធានបទ “សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០ រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនអ្នកសាររព័ត៌មានជាតិនិងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងសមត្ថភាពផ្នែកជំនាញបច្ចេកទេស ទាំងសមត្ថភាពការផលិតព័ត៌មាន និងការវិភាគព័ត៌មានឱ្យបានស៊ីជម្រៅកម្រិតអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យានិងការប្រកួតប្រជែងទីផ្សារឱ្យកាន់តែមានសក្តានុពលថែមទៀតព្រមទាំងរិះរកវិធានការទប់ស្កាត់ បន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គលឯកជន សន្តិសុខជាតិ និង ស្ថិរភាពនយោបាយនៅកម្ពុជា ៕


ចែករំលែក៖