ខេត្តកណ្តាល៖ Update ឃ្លាំងរោងចក្រផលិតបារីមួយកន្លែងនៅស្រុកកណ្ដាលស្ទឹង ត្រូវអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យខូចខាតទាំងស្រុង រួមជាមួយសម្ភារក្នុងឃ្លាំងមួយចំនួនធំផងដែរ ។ ហេតុការណ៍នេះ បានបង្កមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៣និង២០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នា២០១៩ ស្ថិតក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ឃ្លាំងរោងចក្រផលិតបារី១ខ្នង មានប្រវែងបណ្ដោយប្រហែល ១០០ម៉ែត្រ និងទទឹងប្រហែល ៥០ម៉ែត្រ ថ្មក្រោម ប្រកសង្ក័សីពីលើ ខូចខាតទាំងស្រុង រួមជាមួយសម្ភារមួយចំនួនធំដែលនៅក្នុងនោះ រងការខូចផងដែរ តែមិនទាន់ដឹងច្បាស់នៅឡើយទេ។
ប្រភពដដែលបន្តថា បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះ កម្លាំងនគរបាលខាងបង្កានិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងនគរបាលស្រុកកណ្ដាលស្ទឹង បានអន្តរាគមន៍ពន្លត់អគ្គិភ័យ ដោយប្រើរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន ៣គ្រឿង ,រថយន្តអគ្គិភយ័ រាជធានីភ្នំពេញ ចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃចំនួន៥គ្រឿង សរុបរថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង រួមទាំងកម្លាំងពាក់ព័ន្ធជាច្រើនអ្នកបាននាំគ្នាជួយពន្លត់ រហូតភ្លើងរលត់ជាស្ថាពរ ។
តាមប្រភពពត៌មានពីកម្មកររោងចក្រ និងកម្មករសំណង់ដែលកំពុងធ្វើការក្បែរកន្លែងកើតហេតុបានអោយដឹងថា ករណីនេះបណ្ដាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹងប្រេងសាំងក្រអូប ធ្វើឲ្យឆាបឆេះតែម្ដង ៕ ស្អាងជ័យ