ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុង បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលចង្កូតទៅបុកម៉ូតូស្លាប់ម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រវាងរថយន្តបុកជាមួយម៉ូតូ កើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ចន្លោះបង្គោលខ្សែភ្លើងលេខ០៥៨៤-០៥៨៦ នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ខេត្ត លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះថា យ៉ត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិត្នោត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បើកបរម៉ូតូ (គ្មានពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីខាងកើត ទៅទិសខាងលិច ។ ម៉ូតូម៉ាកហុងដា ឌ្រីម ធុនសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G.4829 ។ ចំណែករថយន្តម៉ាកសាំ យ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X.1418 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ រត់គេចខ្លួន បានបើកបរក្នុងទិសដៅពិចទៅកើត ។

លោកនាយរងការិយាល័យចរាចរណ៍បានបន្តថា មុនពេលកើតហេតុ រថយន្តម៉ាកសាំយ៉ុង បានបើកបរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្ត១គ្រឿបើកពីមុខ ក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូដែលបើកបរក្នុងទិសដៅផ្ទុយគ្នាពីកើតទៅកើតទៅពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅលើទ្រូងផ្លូវ ចំណែករថយន្ត និងម៉ូតូធ្លាក់ពីលើផ្លូវជាតិ ខូចខាតធ្ងន់ទាំង២គ្រឿង ។បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយនៅពេលក្រោយ ចំពោះសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖