ខេត្តក្រចេះ៖ ក្រុមហ៊ុនយូ ស៊ី ធីត្រូវបានបុរសជាប្តីស្រ្តីរងគ្រោះដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចរកយុត្តិធម៌ថា បានផ្តល់ថ្នាំព្យាបាលកែរោគ មកឲ្យប្រពន្ធខ្លួនផឹករហូតដល់បាត់បងជីវិត ទាំងវ័យក្មេងចោលប្តី និងកូនយ៉ាងអាណោចអាធ័មបំផុតរាករូសខ្លាំងមិនអាចសង្គ្រោះបាន ។
ហេតុការណ៍ស្រ្តីផឹកថ្នាំរាករហូតដល់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
ប្រភពពសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះ មានឈ្មោះទាង ស៊ីធាង អាយុ៣៨ឆ្នាំ រីឯបុរសជាប្តីមានឈ្មោះចន ខេង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពបន្តថា នៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ ស្រ្តីរងគ្រោះ មានជំងឺទន់ដៃជើងម្ខាងហើយក៏បានទិញឱសថជាផលិតផលរបស់ក្រុមហ៊ុន យូ ស៊ី ធី ពីសាខាមួយនៅខេត្តក្រចេះ យកមកប្រើប្រាស់ ។ ខណៈពេលបានប្រើស្រាប់តែស្រ្តីរងគ្រោះ មានអការរាករូសកាន់តែខ្លាំង ។ ពេលទំនាក់ទំនងទៅខាងក្រុមហ៊ុនរៀបរាប់អំពីអគាររបស់ស្រ្តីរងគ្រោះខាងក្រុមហ៊ុន បប្រាប់ថា ជាតិថ្នាំដេញជាតិពុល និងប្រាប់ឲ្យប្រើបន្តទៀត ។ លុះរហូតមកដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថានភាពស្រ្តីរងគ្រោះ កាន់តែដុនដាបខ្លាំងទ្បើងៗមិនអាចសង្គ្រោះបានឡើយ ។
ខាងក្រុមហ៊ុន បានប្រាប់ ឲ្យនាំអ្នកជំងឺយកទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកឆ្លូង ពេលមកដល់ឃើញថា ស្រ្តីរងគ្រោះមានសភាពធ្ងន់ធ្ងរទៅហើយ ទើបខាងគ្រូពេទ្យបានឲ្យបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ។ ប៉ុន្តែជាអកុសល្យស្រ្តីរងគ្រោះ បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ។
សមត្ថកិច្ចថា ក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋានស្រុកឆ្លូង សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំដំរីផុង បានចុះពិនិត្យសពស្រ្តីរងគ្រោះរួចប្រគល់ជូនក្រុមគ្រូសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមច្បាប់ ។
បច្ចុប្បន្នបុរសជាប្តីស្រ្តីរងគ្រោះ ក៏បានកើតទុក្ខមិនសុខចិត្ត សំរេចដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ដោយអះអាងថា ប្រពន្ធរបស់ខ្លួនស្លាប់ ដោយសារប្រើប្រាស់ផលិតផលឱសថព្យាបាលជំងឺរបស់ក្រុមហ៊ុនយូ ស៊ី ធីនេះ ។
ជុំវិញការចោទប្រកាន់ខាងលើនេះ មិនអាចទាក់ទងក្រុមហ៊ុន យូ ស៊ី ធី សុំការបំភ្លឺបានទេ ៕ ជីវ័ន្ត