ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយ៉ូតាបើកឆ្លងដរជាន់ហ្គែរជ្រុលហួសទៅបុកកម្មករបើកទូកបណ្ដាលឲ្យធ្លាក់ទឹកទាំងមនុស្ស និងរថយន្តស្លាប់ និងរបួស៤នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តតូយ៉ូតាមួយគ្រឿង បើកចុះឆ្លងដរ ដោយជាន់ហ្គែរបន្លែមល្បឿនឡើងលើដរ តែបន្ថែមល្បឿនជ្រុល ក៏ហួសទៅបុកកម្មករដែលកំពុងស៊ីញ៉ូរថយន្ត បណ្ដាលឲ្យមនុស្ស និងរថយន្តធ្លាក់ទឹក ធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែធ្នូ វេលាម៉ោង២០និង១០នាទី នៅចំណុចកំពង់ចម្លងផ្សារស្អាងព្រែកតូច ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ កិច ទៀង ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ (ជារួមដំណើរក្នុងរថយន្ត) ចំណែកជនរងគ្រោះរងរបួស៣នាក់ទី១/ឈ្មោះ ម៉ា ពន្លក ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីរាជការនៃក្រសួងផ្នែកហិរញ្ញវត្ថុ មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកបើករថយន្តម៉ាក តូយូតាហៃយ៉ាស់ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ-9542 ទី២/ឈ្មោះពៀ អៀម ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ (ជាអ្នករួមដំណើរ) និងទី៣/ឈ្មោះ អឿន វីន ភេទប្រុស អាយុ៣៦ឆ្នាំ (ជាអ្នកបើកទូកដរ ) ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ឈ្មោះ ម៉ា ពន្លក បានបើករថយន្តម៉ាក តូយូតាហៃយ៉ាស់ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ-9542 ដឹកមនុស្សចំនួន៧ទៅ៨នាក់ បានបើករថយន្តធ្វើដំណើចេញពីព្រះវិហារចិននៅភូមិបារ៉ែនក្រោម មកឆ្លងទូកដរផ្សារស្អាងព្រែកតូច គោលបំណងត្រឡប់ទៅផ្ទះនៅក្រុងតាខ្មៅវិញ តាមផ្លូវជាតិលេខ២១ ។ លុះពេលមកដល់កំពង់ចម្លង អ្នកបើករថយន្តបានឈប់រង់ចាំទូកដរ ។ អ្នកដំណើរមួយចំនួនបានចុះពីរថយន្ត តាមបំរាម និងការណែនាំរបស់ម្ចាស់ទូកដរ ។ ដោយឡែកមានអ្នកដំណើរ២នាក់ឈ្មោះ កិច ទៀង ភេទស្រី អាយុ៧១ឆ្នាំ និង ឈ្មោះ ពៀ អៀម ភេទស្រី អាយុ៧០ឆ្នាំ មិនបានចុះពីក្នុងរថយន្តតាមបំរាម និងការណែនាំរបស់ម្ចាស់ទូកដរទេ ។ ពេលដែលរថយន្តបើកចុះផែឡើងទូកដរក៏ជាន់ហ្គែរជ្រុលទៅប៉ះកម្មករបើកទូកដរដែលកំពុងស៊ីញូរថយន្តចុះទូកមានឈ្មោះអឿន វីន ភេទប្រុស អាយុ៣៦ឆ្នាំ ហើយធ្លាក់ទឹក ទាំងរថយន្តទាំងអ្នកបើកទូកតែម្ដង ។ ភ្លាមៗនោះម្ចាស់ទូកដរ និងអ្នកស្រុកបាននាំគ្នាមុជទឹកចុះជួយសង្គ្រោះបានមនុស្ស២នាក់យកទៅសង្គ្រោះនៅមន្ទីររពេទ្យបង្អែកស្អាង រួចបញ្ជូនទៅសង្គ្រោះនៅភ្នំពេញបន្តទៀត ។ ចំណែកឈ្មោះកិច ទៀង ទម្រាំតែសង្គ្រោះបាន គាត់បានឈ្លក់ទឹកដាច់ខ្យល់បាត់បង់ជីវិត ។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ជាបណ្ដោះអាសន្ន ៕ ស្អាងជ័យ​

 


ចែករំលែក៖