ភ្នំពេញ៖ ម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ចំនួន៣នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១១ និង១០នាទីយប់ ថ្ងៃអង្គារ ទី ១០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវបែកជាបីតាមបណ្តោយផ្លូវ ២៧១ កែងនឹងផ្លូវ ៤៨០ នៅក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៣នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញម៉ូតូធុនធំមួយគ្រឿងម៉ាកMSLAZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IA.8012ជិះតែម្នាក់ឯងតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីកើតមកលិចយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកគ្នាជាមួយនឹងម៉ូតូ suzuki viva 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C.1095 ជិះគ្នា២នាក់តាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីលិចទៅកើតហើយក៏បត់ឆ្វេងដៃមិនប្រយ័ត្ន ក៏ត្រូវបានម៉ូតូធំបុកពេញទំហឹងបណ្ដាលឲ្យរងរបួសទាំង ៣នាក់ធ្ងន់ ហើយក៏មានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីររពេទ្យភ្លាមៗផងដែរ ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានមកវាស់វែងយកម៉ូតូទាំង ២គ្រឿងទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌចម្ការមន ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ