ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនជាតិចិន២នាក់ និងខ្មែរម្នាក់ដែលជាបក្ខពួកក្រុមជួញដូរអាវុធ និងចាប់ជម្រិតដកហូតបានកាំភ្លើងAK47មួយដើម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងប៉ុស្តិ៍កាកាបទី២ ចាប់ខ្លួនជនជាតិចិន២នាក់ និងខ្មែរម្នាក់ដែលជាបក្ខពួកក្រុមជួញដូរអាវុធ និងចាប់ជម្រិតនៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីបក្ខពួក២នាក់ទៀតត្រូវចាប់ខ្លួនបានមុខនៅឯក្នុងខេត្តព្រះសីហនុនោះ ។

ជនសង្ស័យចិន និងខ្មែរទាំង៣នាក់ខាងលើ ត្រូវចាប់ខ្លួន កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចហាងសាច់អាំង« ស៊ាវ លីង ហាវ» ផ្ទះលេខ 16C ផ្លូវ 109K ភូមិក្បាលដំរីទី ២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ដោយយោងតាមលិខិតពន្លាតសមត្ថកិច្ចដែនដីទៅកាន់ រាជធានីភ្នំពេញលេខ1618 រ.ប.ក. របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តព្រះសីហនុ រួមនឹងចំណារឯកភាពពីលោក កៀង សុន្ធលា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងមានការឯកភាពពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ហើយក៏មានការយល់ព្រមឲ្យចូលឆែកឆេរពីម្ចាស់ផ្ទះជួលឈ្មោះ សុង ហ៊ួង ភេទស្រី អាយុ៤៣ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងនោះរួមមានជនជាតិចិន២នាក់ និងខ្មែរម្នាក់ក្នុងទី១,ឈ្មោះ Wang Qiao Ling ភេទស្រី ជនជាតិ ទី២,ឈ្មោះ Wang Hai Tao ភេទប្រុស ជនជាតិចិន ចំណែកទី៣ជាបុរសជនជាតិខ្មែរ មិនត្រូវបានស្គាល់ឈ្មោះឡើយ ពួកនេះគឺជាឧក្រិដ្ឋជនជួញដូអាវុធ និងចាប់ជម្រិតថែមទៀតផង ។ បន្ទាប់មកកម្លាំងចម្រុះខាងលើបានដកហូតបានកាំភ្លើង AK-47 ចំនួន១ ,ក្បាលគ្រាប់កាំភ្លើងម៉ាកវ៉ាំងដឺឡុង១គ្រាប់,ម៉ាស៊ីនឆូតកាត ATM ចំនួន៥គ្រឿង,ទូរស័ព្ទដៃ៣គ្រឿង,ម៉ាស៊ីនវេលុយចំនួន៣គ្រឿង ,កាតធនាគារចំនួន៤សន្លឹក,ជញ្ជីងថ្លឹងសារធាតុញៀនចំនួន២គ្រឿង ។ ,ម្សៅក្រាមសថ្លា១ដុំប៉ុនកូនដៃ (សង្ស័យជាសារធាតុញៀន)ម្សៅក្រាមសថ្លា ១កញ្ចប់,ថ្នាំគ្រាប់WY ២គ្រាប់(សង្ស័យជាសារធាតុញៀន),ថ្នាំគ្រាប់សំបកពណ៍ក្រហម៨គ្រាប់(សង្ស័យជាសារធាតុញៀន),ថ្នាំប្រភេទ ទឹកចំនួន៣ដប (សង្ស័យជាសារធាតុញៀន) និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ព្រមទាំងម៉ាស៊ីនផ្ទុកទិន្ន័យ កាមេរ៉ាសុវត្តិភាព១គ្រឿង និងរថយន្តមួយគ្រឿងម៉ាក ឡិចសុីសRX300ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AP-8243 ។

ក្រោយពេលចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបាននគរបាលនាំទៅកាន់ការិយាល័ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរបន្ត កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តព្រះសីហនុចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖