ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងរថយន្តកុងតឺន័រដោះGPSចេញប្រុងលួចរថយន្ត ទីបំផុតត្រូវចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យដែលជាអ្នកបើកបររថយន្តកុងតឺន័រម្នាក់ត្រូវបានមេការផ្នែកបញ្ជារថយន្ត និងត្រួតពិនិត្យប្រព័ន្ ធGPS ផែស្ងួតមីងឡាំង ឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ចាត់ការតាមច្បាប់ ដោយចោទប្រកាន់ថា ជនននេះលួចដោះផ្ដាច់ប្រព័ន្ធGPS ចេញពីរថយន្ត និងប្រុងលួចយកក្បាលរថយន្តកុងតឺន័រ១គ្រឿងនោះលក់ ។

ការចាប់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងផែស្ងួតមីងឡាំង ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើឈ្មោះ កាន់ សុខធា អាយុ១៧ឆ្នាំ មុខរបរបើកបររថយន្តកុងតឺន័រ ស្នាក់នៅក្នុងផែស្ងួតខាងលើ ចំណែកអ្នកដាក់ពាក្យបណ្ដឹងឲ្យចាត់ការលើជននេះឈ្មោះថ្លាង ចិន្ដា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរប្រធានរដ្ឋបាលក្រុមហ៊ុនផែស្ងួតមីងឡាំង នោះ ។ រីឯរថយន្តកុងតឺន័រដែលជននោះប៉ុនប៉ងលួចពាក់ស្លាកលេខ ភ្នំពេញ 3C-0888។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជននេះបានបើករថយន្តសណ្ដោងកន្ទុយរ៉ឺម៉កដឹកទូកុងតឺន័រចេញពីក្រុមហ៊ុនផែស្ងួត ធ្វើដំណើរទៅតាមផ្លូវជាតិលេខ៣ លុះពេលទៅដល់ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៤ បានឈប់ដោះកន្ទុយរ៉ឺម៉កកុងតឺន័រចោល។

បន្ទាប់មកបានដោះប្រព័ន្ធGPSចេញ ក្នុងបំណងលួចយកក្បាលរថយន្តលក់ ប៉ុន្តែពេលនោះត្រូវបានមេការផ្នែកបញ្ជារថយន្តនិងត្រួតពិនិត្យប្រព័ន្ធGPS មានការសង្ស័យ ព្រោះតែរថយន្តនេះបាត់ចេញពីប្រព័ន្ធតាមដាន ។

ពេលនោះក៏បានទូរស័ព្ទហៅឲ្យជននេះ បើករថយន្តត្រឡប់ក្រោយវិញ លុះដល់ព្រឹកថ្ងៃទី១២ ខែធ្នូ ត្រួតពិនិត្យឃើញមានការដោះGPSចេញពីរថយន្តទើបចាប់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង ៕ សុខាសែនជ័យ​


ចែករំលែក៖