ភ្នំពេញ៖ មនុស្សប្រុសស្រី៣នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្ដែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (កត់កន្ទុយលេខឆ្នោតវៀតណាម) កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៧A ផ្លូវលេខ៣៣៦ ក្រុមទី៣ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមមន្រ្តីនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា ក្រោយទទួលបានព័ត៍មានថាមានករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (កត់កន្ទុយលេខឆ្នោតវៀតណាម) ទើបកម្លាំងជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ និងគណៈបញ្ជាការឯកភពខណ្ឌទួលគោក ដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាលខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមប្រតិបត្តិការចុះបង្ក្រាបជាក់ស្ដែងករណី នៅចំណុចមុខផ្ទះលេខ៧A ផ្លូវលេខ៣៣៦ ក្រុមទី៣ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាលិទ្ធផលឃាត់ខ្លួនបានមនុស្ស៣នាក់ ក្នុងនោះអ្នកកត់ម្នាក់ និងអ្នកចាក់ភ្នាល់២នាក់ ។
ជនសង្ស័យទាំង៣នាក់៖ ១-ឈ្មោះ លីម ស្រីពៅ ហៅ ពៅ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់ឆ្នោត ស្នាក់នៅផ្ទះជួលមិនស្គាល់លេខផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។ ២-ឈ្មោះ វុធ ពិទូ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យទឹកល្អក់ ស្នាក់នៅផ្ទះលេខ២១០ ផ្លូវលេខ៣៣៦ ក្រុមទី៤ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។ ៣-ឈ្មោះ ស្រេង ឡៃ ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ សណ្ឋាគារឈូកទិព្វ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩៧ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
វត្ថុតាងចាប់យកមាន៖ ក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន០២សន្លឹក ; ម៉ាស៊ីនគិតលេខម៉ាក Casio ចំនួន០១គ្រឿង ; លុយខ្មែរចំនួន២៩៥.០០០៛ (ម្ភៃប្រាំបួនម៉ឺនប្រាំពាន់រៀល) ; ក្រដាសសម្រាប់កត់ឆ្នោតមួយចំនួន ;លទ្ធផលចេញឆ្នោតវៀតណាមរួចដាច់ជាពីរកំណាត់មួយចំនួន ; ក្រដាសកាគារចំនួន០២សន្លឹក និងទូរស័ព្ទដៃម៉ាកI phone 7 plus ពណ៌ផ្កាឈូក ប្រើស៊ីមលេខ 089 778227 ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕ ជ្រោយពេជ្រ