ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋ 34 2-0219 បើកបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូ២គ្រឿងបុកពីចហៀងបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងបុរស២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីមានរថយន្តស៊េរីទំនើបម៉ាក មេកស័រដេស បើកបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នត្រូវជនរងគ្រោះជិះម៉ូតូពីចហៀង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទល់មុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមសាក្សីដែលឃើញហេតុ និងនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក មេកស័រដេស ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ 34 2-0219 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់មុខក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានបត់ឆ្វេងទាំងមិនប្រយ័ត្ន ត្រូវម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ជិះគ្នា២នាក់ និងម៉ូតូម៉ាកស្គុបពីជិះដោយយុវជនម្នាក់ ស្របទិសគ្នាពីក្រោយ មកបុកចំហៀងរថយន្តស៊េរីទំនើបពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីម របួសធ្ងន់ម្នាក់ ស្រាលម្នាក់ ចំណែកភាគីខាងម៉ូតូស្កុបពីបានផ្លោងទៅប៉ះជាមួយនឹងរថយន្តម៉ាកហ្វតរេនជឺ ដែលបើកបរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យរងរបួសស្រាល ។ ក្នុងហេតុនោះភ្លាមៗរថយន្តបង្កម៉ាក មេកស័រដេស មិនបាននៅកន្លែងកើតហេតុនោះទេ គឺបើកចូលទៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាត់ រួចក៏មានតំណាងរថយន្តចេញមកដោះស្រាយជាមួយភាគីម៉ូតូទាំង២គ្រឿង ។

ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានរថយន្តរបស់មន្ទីរពេទ្យកាលម៉ែតដឹកយកទៅសង្គ្រោះផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌចំការមនបានចុះទៅធ្វើការវាស់វែងយកម៉ូតូ និងរថយន្តបង្ក ទៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖