ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ ត្រូវរថយន្តកុងតឺន័របើកបុកពីក្រោយ រួចកិនស្លាប់ភ្លាមៗនៅជិតស្ពានព្រះមុនីវង្ស(ក្បែរផ្សារច្បារអំពៅ) បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ជាន សារិទ្ធ អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ដោយម៉ូតូមួយគ្រឿងម៉ាក សង់ប៊ិច ពណ៍ខ្មៅពាក់ស្លាក់លេខ កណ្ដាល.1D 8245 ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈនោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាក់លេខ ភ្នំពេញ 3E 9825(ក្បាលខាងមុខ) (ស្លាក់លេខខាងក្រោយ ព្រះសីហនុ. 4A 0039)បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនទិសដៅស្របគ្នា ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដួលខ្ទៀតចូលក្រោមកង់រថយន្តកុងតឺន័រកិនចំក្បាលបណ្ដាលឲ្យធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ បន្ទាប់មកតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចនបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕ ភារ៉ា ដង្កោ