ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងជល់មាន់ និងអាប៉ោងមួយកន្លែងត្រូវនគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្សម្នាក់ និងសម្ភារៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖​ ទីតាំងលួចលាក់លេងល្បែងជល់មាន់​ និងអាប៉ោង​ មួយកន្លែងត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ​ឆ្មក់បង្ក្រាប​ ឃាត់ខ្លួនមនុស្សម្នាក់នឹងសម្ភារៈមួយចំនួនចំណែកអ្នកផ្សេងទៀតរត់បាតជើងសព្រាត ។

ករណីសមត្ថកិច្ចចុះបង្ក្រាបនេះធ្វើឡើងកាលពី​ម៉ោង​០១​ និង​២០នាទីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩​ នៅ​ត្រង់ចំណុចដីឡូត៍​មួយកន្លែងក្បែផ្លូវលេខ​ ១០០៥​ ​ស្ថិតក្នុងភូមិភ្នំពេញ​ថ្មី​ សង្កាត់ភ្នេញថី​ ខណ្ឌ​សែនសុខ​ រាជ​ធានីភ្នំពេញ​ ។

សមត្ថកិច្ចបានអោយដឹងថា​ បន្ទាប់ពីទទួល​ព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថា​ ទីតាំង​ខាងលើមានលេងល្បែងជល់មាន់ និងអាប៉ោង​ ភ្លាមៗកម្លាំងនគរបាល​ បានចុះមក​ដល់​ តែក្រុមអ្នកញៀនល្បែងទាំងនោះបាន​ដឹងខ្លួនមុននាំគ្នារត់ចែកជើងគ្នាអស់ដោយឃាត់ខ្លួនបានតែបុរសម្នាក់ និងម៉ូតូចំនួន៣​គ្រឿង​ធុងទឹកកកមួយមាន់​ជល់ប្រហែល៣​ក្បល​ ចាន់អាប៉ោងមួយ និងសម្ភារៈពាក់ពន្ធ័មួយចំនួន​ទៀត​ ។

ក្រោយការបង្ក្រាបបុរសដែលឃាត់ខ្លួនរួម​ទាំងវត្ថតាង​ត្រូវកម្លាំងសមត្ថកិច្ចនាំយកទៅ​ធ្វើការសាកសួរនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ និងកសាងសំណុំរឿងចាត់​ការបន្តតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖