ខេត្តស្ទឹងត្រែង៖ ទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរជាតិលើកទី៣៧ ថ្ងៃ៣ ធ្នូ ត្រូវបានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត បានរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គ រារាំងពិការភាពដើម្បីសង្គមមួយ ប្រកបដោយបរិយាបទល្អប្រសើរ» ។
ពិធីនេះប្រព្រឹត្តទៅបានក្រោមអធិបតីភាពលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធមួយចំនួន និងជនដែលមានពិការភាពចំនួន ១៥០នាក់ ។
លោក ស៊ា គឹមសែ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា ការរៀបចំទិវានេះឡើងក្នុងគោលបំណងសំខាន់ គឺអបអរសាទរសមិទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជារួមជាមួយជាមួយដៃគូពាក់ព័ន្ធសម្រេចនូវការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងបង្ហាញពីឆន្ទះយកចិត្តទុកដាក់ជាអាទិភាពលើវិស័យពិការភាព ។
លោកបានបញ្ជាក់ថា បច្ចុប្បន្នមុខសញ្ញាដែលជនពិការភាព បាត់បង់សមត្ថភាពការងារ គ្រួសារពលី គ្រួសារជនមរណៈនានាមានចំនួន១៥៣២នាក់ កំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់មន្ទីរសង្គកិច្ច អតីត:យុទ្ធជន និងយុវនីតិសម្បទាខេត្ត ។
មានប្រសាសន៍សំណេះសំណាលទៅកាន់ ជនដែលមានពិការភាពនាឱកាសនោះ លោកម៉ុម សារឿន អភិបាលខេត្តបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនដែលទុកចោលបងប្អូនជនពិការណាម្នាក់ឡើយ ។
លោកអភិបាលខេត្តបានបន្តថា សម្តេចតេជោ ហ៊ុន សែន លោកតែងតែបានគិតគូរពីសុខទុក្ខបងប្អូនមានពិការភាពជាក់ស្តែងបាន កសាងនូវសមិទ្ធផលធំៗជាច្រើន រួមមាន ការកសាងមជ្ឈមណ្ឌល ស្ដារលទ្ធភាព ពលកម្មកាយសម្បទា មជ្ឈមណ្ឌលកុមារគរ-ថ្លង់ ក្នុងតំបន់អភិវឌ្ឍន៍លំនៅឋានជនពិការភាពស្ទើរគ្រប់ទីកន្លែង ។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមយ៉ាងសកម្ម និងជំរុញឲ្យមានការដាក់បញ្ចូលជនដែលមានពិការភាព ទៅក្នុងការអភិវឌ្ឍន៍ ដោយខិតខំធ្វើឲ្យមានការទទួលស្គាល់នូវតម្លៃ និងសមត្ថភាពរបស់បងប្អូន មានពិការភាពព្រមទាំង ឆ្លើយតបទៅនឹងសេចក្ដីត្រូវការ មានជាអាទិ៍ ការបង្កើតកម្មវិធីតាមវិស័យនានា និងសហការផ្ដល់សេវាស្ដារលទ្ធភាព ពលកម្ម កាយសម្បទាការព្យាបាល ឲ្យមានចលនា ជូនជនមានពិការភាព ការផ្សព្វផ្សាយការងារពិការភាព ការការពារ និងបង្ការពិការភាពការ អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការលើកកម្ពស់ការអប់រំនៅគ្រប់កម្រិតសិក្សាការ បង្កើតអក្សរស្ទាបដោយប្រើកាយវិការចំណាំ និងភាសាសញ្ញា ការរកការងារធ្វើ សកម្មភាពកីឡាសិល្បៈ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការ ដៃគូរ និងបន្តអនុវត្តច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ លិខិត បទដ្ឋានគតិយុត្ត ក្រោមច្បាប់នានាជាធរមានឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាយើង និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនជនពិការចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ភួយ១ មី១កេស ស្ករស១គីឡូក្រាម ទឹកដោះគោ២កំប៉ុង នឹងទឹកស៉ីអ៊ីវមួយួរផងដែរ ៕ មាស សុផាត