ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនយុវជនខ្មែរឥស្លាមម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីនារីម្នាក់ កំពុងដើរតាមផ្លូវបានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួនក៏ត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។
ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគបាលខណ្ឌដូនពេញ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រី អ៊ីសា ភេទប្រុស ជនជាតិខ្មែរ ឥស្លាម អាយុ ១៨ឆ្នាំ មានទីលំនៅផ្ទះ គ្មានលេខ ផ្លូវបេតុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (ប្រើប្រាស់គ្រឿងញៀន) ។ បន្ទាប់ពីរូបគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីនារីរងគ្រោះបានសម្រេចហើយ តែជួបប្រទះនិងកម្លាំងល្បាតក៏ជួយធ្វើអន្តរាគមន៍ដេញតាមក្របួចជាប់តែម្តង ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងពីជនសង្ស័យ៖ មធ្យោបាយធ្វើសកម្មភាពម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GG-7513 ។ ចំណែកទូរស័ព្ទបានប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ស រស្មី