ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាលឿនទៅប៉ះនឹងរថយន្តកុងតឺន័របត់ឆ្លងផ្លូវដួលទៅនឹងថ្នល់ ត្រូវរថយន្តមួយគ្រឿងទៀត កិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនទៅប៉ះនឹងរថយន្តកុងតឺន័រមួយគ្រឿងបត់ឆ្លងផ្លូវដួលទៅនឹងថ្នល់ត្រូវរថយន្តឡិចស៊ីសមួយគ្រឿងបើកបញ្ច្រាសទិសដៅគ្នាកិនពេញទំហឹង រួចបើករត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង ២០ នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចមុខវត្តអរុណវតី តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះផាន ដារ៉ា ភេទប្រុស អាយុប្រមាណជិត ៣០ ឆ្នាំ ស្នាក់នៅម្ដុំកាណាស៊ីធី ។

តាមសាក្សីដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរស ពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-2465 ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៍បានទៅប៉ះនឹងរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខបើកបញ្រ្ចាសទិសដៅគ្នាពីលិចទៅកើតបានបត់ឆ្វេងដៃចូលទៅវត្តអរុណវតី បណ្តាលជនរងគ្រោះទាំងពីរនាក់ដួលទៅលើថ្នល់ ខណៈនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៊ិស ពណ៌ខ្មៅមិនចាំស្លាកលេខបើកបញ្រ្ចាសទិសដៅគ្នាមកកិនបុរសម្នាក់ពីលើបណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម ។ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ និងធ្វើការវាស់វែងបានយកម៉ូតូ និងខ្សែកមួយខ្សែចិញ្ចៀនមួយវង់យកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខា សែនជ័យ


ចែករំលែក៖