ភ្នំពេញ៖ រថយន្តចំនួន២គ្រឿងបើកបរជែងគ្នាខ្វះការប្រុងប្រយ័ត្នជ្រុលគៀគ្នាបណ្តាលឲ្យក្រឡាប់បះជើងម្ខាង ចាក់ត្រីចោលពេញផ្លូវបង្កការភ្ញាក់ផ្អើលទាំងយប់ និងបណ្តាលឲ្យមានអ្នករងរបួសចំនួន៣នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្បែរអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីគូទប៉ោង ពណ៌ស្លែ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2417បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះ មានរថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវពាក់ ស្លាកលេខភ្នំពេញ3E-2680បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅស្របទិសគ្នា ប៉ុន្តែដោយសារតែ ភាគីទាំងសងខាងបើកក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្នជែងទាំងបំពានបានជ្រុលទៅបុកនឹងរថយន្តធុនធំដឹកត្រី បង្កឲ្យរថយន្តភាគីទាំងសងខាង ក្រឡាប់ផ្ងារជើងម្ខាងឡើងលើ និងរថយន្តដឹកត្រីវិញក្រឡាប់ផ្ងារជើងចាក់ត្រីពេញចញ្ចើមផ្លូវហើយ និងបង្កឲ្យរងរបួសធ្ងន់៣នាក់ខាងរថយន្តដឹកត្រីហើយរីឯម្ចាស់រថយន្តកាមរីគូទប៉ោងក្រោយគ្រោះថ្នាក់បានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោល ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែត បានដឹកយកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយពេលកើតហេតុរថយន្តភាគីទាំងខាងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍វាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ