ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោគជាំបើករថយន្តកាមរីគូទស្វិតស៊េរី៩១មួយគ្រឿង ក្នុងល្បឿនលឿនបុករថយន្តព្រូសមួយគ្រឿង ដែលចតស្ងៀមហើយឡើងឃឿនសួនច្បារបុកបង្គោលភ្លើងមួយដើម ហើយបន្តទៅបុកកង់បីឥណ្ឌាចំនួន២គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខណាហ្កា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តកាមរីគូទស្វិតស៊េរី៩១ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2C6543 ធ្វើដំណើរតាមបណ្តោយផ្លូវសួនច្បារសម្តេច ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករថយន្តម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA 3765 ដែលចតនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតហើយរថយន្តបង្កបានឡើងសួនច្បារទៅបុកបង្គោលភ្លើងបាក់អស់មួយដើមទៀត តែរថយន្តបង្កនៅតែមិនទាន់អស់ល្បឿន ក៏បន្តទៅបុកកង់បីចំនួន២គ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ ។
ក្រោយកើតហេតុ រថយន្តម៉ាកព្រូសនិងរ៉ឺម៉កកង់បីដែលរងការខូចខាតមិនមានទាមទារសំណងនោះទេ តែរថយន្តបង្កដោយសារតែបុកបង្គោលភ្លើង ទើបសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខា