ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនប្រញាប់ដឹកម៉ូយជ្រុលទៅបុកឃឿនផ្លូវស្លាប់ ប្រពន្ធមកយំអោបសពប្ដីគួរឲ្យសង្វេគ

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង២០ និង២០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែរបុរសម្នាក់បានជិះម៉ូតូលឿនពេកជ្រុលទៅបុកឃឿនសួនទ្រូងផ្លូវ ដួលបោកក្បាលស្លាប់់នៅនឹងកន្លែង ត្រង់ចំណុចផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយធ្វើឲ្យប្រពន្ធ និងសាច់ញាតិមកទ្រហោយំសោកគួរឲ្យសង្វេគ និងភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ។

សពជនរងគ្រោះមានឈ្មោះ ពៅ រ៉ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅផ្ទះ៥១ ភូមិព្រៃកន្ទ្រង់ ឃុំសៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ បើកបរម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1H-4431 ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូតែម្នាក់ឯង តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកឃឿន សួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម៉ូតូអូសប្រហែល២០ម៉ែត្រពីជនរងគ្រោះ រងការខូចខាតតិចតួច ។

បើតាមសម្ដីសាច់ញាតិជនរងគ្រោះបានឲ្យដឹងដែរថា ជនរងគ្រោះប្រហែលជាជិះម៉ូតូប្រញាប់ទៅដឹកម៉ូយ ព្រោះគាត់តែងតែមានម៉ូយ ខល ហៅដឹក ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូយកមករក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ រង់ចាំប្រគល់ជូនសាច់ញាតិនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖