ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងចាត់វិធានការបង្ក្រាប ទៅលើល្បែងស៊ីសងគ្រប់ប្រភេទ ការបង្ក្រាប គ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ ជាមួយនិង ការជំរុញឲ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជា ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំសាកល ដែលនិងឈានចូលមកដល់ពេលដ៏ខ្លីខាង មុខនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំ ជាមួយគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស ថេតស្នងការនគរបាលរាជធានីភ្នំពេញជាមួយ នឹងអាជ្ញាធរខណ្ឌ ទាំង ១៤ព្រមទាំងមន្ត្រី សមត្ថកិច្ចពាក់ព័ន្ធ មួយ ចំនួនទៀត កាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ បុណ្យគ្រីសស្មាស និងបុណ្យសាកលនិងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានសប្បាយនៅក្នុងពិធីបុណ្យខាងលើនេះ។ ដូច្នេះទេអ្វីដែលយើងត្រូវធ្វើនោះគឺការរក្សាអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ជាមួយនិងការសម្រួលបញ្ចៀសការកកស្ទះចរាចរណ៍ ខណៈដែលប្រជាពលរដ្ឋនឹងចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យនេះ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការបង្ក្រាបល្បែងស៊ីសងនិងការបង្ក្រាបទៅលើគ្រឿង ញៀន ជាបញ្ហាដ៏ធំ ដែលអាជ្ញាធរមាន សមត្ថកិច្ចត្រូវតែបង្ក្រាបឲ្យខាងតែបាន ។
លោកបញ្ជាក់ថា ល្បែងស៊ីសងជាដើមចមបង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ដែលយើងត្រូវរួមគ្នាដើម្បីបង្ក្រាប ដូចជាល្បែង ជល់មាន់តាមអនឡាញ ល្បែងជល់មាន់និងកន្លែង និងល្បែងស៊ីសងច្រើនប្រភេទទៀត ហើយការងារនេះ ឃើញថាអភិបាលខណ្ឌក៏បានដឹកនាំដើម្បីបង្ក្រាបបានជាច្រើនករណីផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យល្បែងស៊ីសងមានការថមថយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុង។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនវិញ លោកបានបញ្ជាក់ផងដែរថា នៅក្នុងខែវិច្ឆិកានេះ យើងបង្ក្រាបករណីគ្រឿងញៀនបានចំនួន១៨៧ករណី ឃាត់ខ្លួនជនសង្ស័យបាន ៣៣៩នាក់ បើប្រៀបធៀបទៅនឹងខែតុលាកើនឡើង៤ ករណី។ ករណីគ្រឿងញៀននេះដែរពោកគឺក្រោយបើកយុទ្ធនាការបង្ក្រាបទៅលើទីតាំងក្លឹបកំសាន្តធំៗ មួយចំនួនមក ឃើញថា មានភាពធូស្រាលបន្តិច។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកស ថេត នៅតែបញ្ជាក់ថា ទីតាំងធំៗមួយចំនួននោះមិនប្រាកដថា មិនមានការធ្វើចរាចរគ្រឿងញៀននោះទេ។ដោយសារតែពេលនេះតាមក្លិបធំៗមួយចំនួនណានោះគឺពួកគេធ្វើសកម្មភាពហាក់មានភាពវៃឆ្លាតជាងមុនដែលធ្វើឲ្យយើងពិបាកក្នុងការរកវត្ថុតាង ដើម្បីបង្ក្រាបទៅលើក្លឹបកម្សាន្តធំៗទាំងនោះ។ ប៉ុន្តែទោះបិជាជាយ៉ាងណាក្តី យើងនៅតែខិតខំប្រឹងប្រែងដើម្បីឈានទៅដល់ការបង្ក្រាបគ្រឿង ញៀន នេះឲ្យមានប្រសិទ្ធភាព។
លោកស្នងការបានបញ្ជាក់ទៀតថា តំបន់បឹងកក់ផ្លូវ R៦ ឃើញថា បាននិងកំពុងតែធ្វើសកម្មភាពយ៉ាងសកម្មទៅលើការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយពួកគេធ្វើ សកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្ម បើទោះបីយើងបានបង្ក្រាបជាញឹកញាប់ក្តី។ បញ្ហានេះបើយើងមិនមានវិធានការឲ្យបានខ្លាំងទេ តំបន់បឹងកក់R៦នេះអាច នឹងក្លាយជាតំបន់ដូចទៅនឹងតំបន់ត្រពាំងឈូកមុខមន្ទីរ ពេទ្យលោកសង្ឃអញ្ចឹងដែរ។
បញ្ហានេះយើងគួតែមានវិធានការអោយបានក្តៅបំផុតដើម្បីធ្វើយ៉ាងណាកុំឱ្យទីតាំងនេះមានការជួញដូរនិងប្រើប្រាស់គ្រឿង ញៀនបន្តទៀត។ បើគិតនៅទូទាំងប្រទេស ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនបើ ប្រៀបធៀបទៅនិងបទល្មើសផ្សេងៗ ឃើញ ថា បទល្មើសនេះកើនលើសគេរហូតដល់ ៥០ ភាគរយ៕ សំរិត