ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខ បង្ក្រាបក្រុមក្មេងស្ទាវ២ក្រុម ខណៈពួកគេដេញវាយគ្នាផ្អើលពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានករណីក្មេងស្ទាវ២ក្រុម បានបើកឆាកប្រយុទ្ធគ្នាតាមដងផ្លូវបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងបង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំចុះបង្ក្រាបភ្លាមៗ ជាក់ស្តែងឃាត់ខ្លួនជនទំនើងទាំងនោះចំនួន៩នាក់ ។

ករណីឃាត់ខ្លួនជនទំនើងទាំងអស់នោះ បានធ្វើឡើងកាលពីវេលាម៉ោង ១០ និង ១៥នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខអាគាអ៊ែតវ៉ូឌ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនក្មេងទំនើងទាំងអស់នោះ គឺកម្លាំងសមត្ថកិច្ចកំពុងតែដាក់គោលដៅការពារក្បូនថ្នាក់ដឹកនាំ ស្រាប់តែភ្លាមនោះក៏ឃើញក្មេងទំនើងទាំង៩នាក់ បានជិះម៉ូតូចំនួន៣គ្រឿង តាមបណ្តោយផ្លូវមហាថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ដេញវាយគ្នាប្រសេកប្រសាចពេញផ្លូវ យ៉ាងអាណាធិបតេយ្យ តាំងពីមុខវត្តទឹកថ្លា រហូតមកដល់ចំណុចខាងលើ ក៏ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនបានចំនួន៩នាក់ និងម៉ូតូ៣គ្រឿងតែម្តង ។

ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងព្រមទាំងម៉ូតូ៣គ្រឿងត្រូវបានសមត្ថកិច្ចបញ្ជូន ទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសាកសួរ ៕ ចន្ទ លីហ្សា


ចែករំលែក៖