ខេត្តរតនគិរី ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកគ្រោងទ្វារកែច្នៃពាក់កណ្ដាលសម្រេចចំនួន៦សន្លឹកចេញពីក្រុង បានលុងឆ្ពោះទៅកាន់ច្រកទ្វារអូយ៉ាដាវ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទាក់ចាប់ប្រគល់ឱ្យជំនាញ។
កម្លាំងកងរាជអាវុធហត្ថបានធ្វើការបង្ក្រាបបាននៅវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៩ ត្រង់ចំណុចឡើងទួលអូរត្រាវ ស្ថិតនៅក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី។
ប្រភពពីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ក្នុងការចុះបង្ក្រាបនោះ មានកម្លាំងកងរាជអាវុធហត្ថខេត្តសហការកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងនិងកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោកវរសេនីយ៍ត្រី មឿង មិត្ត អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបបានរថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២A-១១៩៤ ដែលបានដឹកទ្វារចំនួន៦សន្លឹកជាប្រភេទឈើសុក្រំស្មើនឹង0,448 ម៉ែត្រគូប។
ការបង្ក្រាបនោះ សមត្ថកិច្ចមិនបានឃាត់ខ្លួនម្ចាស់រថយន្តនោះទេហើយរថយន្តនិងវត្ថុតាងត្រូវបានកម្លាំងកងរជអាវុធហត្ថខេត្តប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕ ជីវ័ន្ត