ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាអាមេរិក បង្ខំឲ្យអឺរ៉ុបស្ថិតនៅក្រោមបង្គាប់របស់ខ្លួន?

ចែករំលែក៖

កន្លងមក អាមេរិកបានប្រើប្រាស់ អឺរ៉ុបដូចជាឈ្នាន់ ដើម្បីអាមេរិក រក្សា និងពង្រីកអំណាចរបស់ខ្លួន ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ អឺរ៉ុប បានធុញទ្រន់នឹងអាមេរិក ដែលចេះតែបង្ខំឲ្យ អឺរ៉ុបធ្វើនេះធ្វើនោះ ទៅតាមការចង់បានរបស់អាមេរិក ។ ​ផ្ទុយទៅវិញ អាមេរិក មិនបានផ្តល់ផលប្រយោជន៍ដល់ អឺរ៉ុបនោះឡើយ សូម្បីតែបន្តិច ។ ជាក់ស្តែង​អាមេរិក​បានរារាំង គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន ​Nord Stream 2 ដែលមានសារសំខាន់សម្រាប់ផ្តល់ឧស្ម័នដល់តំបន់អឺរ៉ុប​ ។ ក្រៅពីនេះអាមេរិក ក៏បានរារាំង ក្រុមហ៊ុនហួវាយរបស់ចិន តែស្នើរឲ្យប្រើរបស់អាមេរិក​វិញ​ ។

ពាក់ព័ន្ធ និងទំនាក់ទំនង រវាងចិន​ និងអឺរ៉ុប​ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាងយី​ បានលើកឡើងថា ចិន និងអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវប្រជែងគ្នានោះដែរ ។ ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនង និងធានាស្ថេរភាពសកលលោក ខណៈចិន និងសហភាពអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវទៅប្រជែងដាក់គ្នានោះដែរ ។

រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយ នៅលើគេហទំព័រផ្លូវការនៃក្រសួងការបរទេស ។ លោក វ៉ាង បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសចិន និងសហភាពអឺរ៉ុបគឺជាដៃគូនឹងគ្នា ហើយយើងក៏ជាមិត្ត ហើយក៏មិនមែនជាសត្រូវនឹងគ្នានោះដែរ ។ នៅឆ្នាំក្រោយគឺជាខួបលើកទី ៤៥ នៃខួបអនុស្សាវរីយនៃទំនាក់ទំនងចិន និងសហភាពអឺរ៉ុប… ដូច្នេះចិនបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនង និងធានាស្ថេរភាពសកលលោក» ។

គួរបញ្ជាក់ថា បើតាមលោក វ៉ាង យី ប្រទេសចិន និងសហភាពអឺរ៉ុប អាចផ្ដល់ស្ថេរភាពបន្ថែមដល់ពិភពលោកទាំងមូល បើសិនជាភាគីទាំងធ្វើការងាររួមគ្នា ហើយឆ្នាំ២០១៩នេះ គឺជាឆ្នាំដែលបានផ្ដល់លទ្ធផលផ្លែផ្កាសម្រាប់ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប ជាពិសេសនៅក្រោយការបញ្ចប់ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅអឺរ៉ុប ។ ការលើកឡើងរបស់ចិននេះ គឺមិនមែនជាលើកទី ១ នោះឡើយ ខណៈសហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនងប្រេះស្រាំ លើផ្នែកមួយចំនួនជាមួយអឺរ៉ុប ជាពិសេសការដំឡើងពន្ធលើទំនិញដាក់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងអង្គការ NATO ជាដើម ។

ជាមួយគ្នានេះដែរ អឺរ៉ុប និងអល្លឺម៉ង បានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិក​ដែលបាន រារាំង គម្រោងបំពង់បង្ហូរឧស្ម័ន​ ពីរុស្ស៊ីចូលអឺរ៉ុប ។ រដ្ឋាភិបាលអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានចេញ​ប្រតិកម្មបន្តបន្ទាប់គ្នា ថ្កោលទោសទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្ម​មលើក្រុមហ៊ុនទាំងអស់ ដែលចូលរួម នៅ​ក្នុងគម្រោង​សាងសង់បំពង់បង្ហូរឧស្ម័នNord Stream 2 ។ សម្រាប់អាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុប​ ទណ្ឌកម្មរបស់អាមេរិក​នេះ គឺជារឿងមួយ​មិនអាចទទួលយកបាន​ជាដាច់ខាត ព្រោះវាជាការប្រើទណ្ឌកម្មអាមេរិក មកលើក្រុមហ៊ុនអឺរ៉ុប ដែលរកស៊ីដោយត្រឹមស្រូវស្របច្បាប់ នៅអឺរ៉ុប ។

រដ្ឋាភិបាលអាមេរិក តាមរយៈច្បាប់ថវិកា​​ និងសន្តិសុខជាតិឆ្នាំ២០២០ បានសម្រេចថានឹងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងគម្រោងនេះ ។ ក្នុងរយៈពេល​៦០ថ្ងៃទៀត​ រដ្ឋាភិបាលអាមេរិក និងបញ្ចេញតារាងឈ្មោះ ក្រុមហ៊ុនដែលអាចជាប់ទណ្ឌកម្ម ។

ក្នុងនាម​ជាអ្នកទទួលផលក្នុងគម្រោងនេះធំជាងគេ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ​អ្នកនាំពាក្យខ្លួន បានមានប្រតិកម្មធ្ងន់ៗថា ទណ្ឌកម្មក្រៅដែនអធិបតេយ្យរបស់អាមេរិក​ គឺជារឿងហួសហេតុ មិនអាចទទួលយកបានទេ ព្រោះទណ្ឌកម្មនេះ​ វានឹងប៉ះពាល់មកលើក្រុមហ៊ុនអាល្លឺម៉ង់ ឬក្រុមហ៊ុនអឺរ៉ុបផ្សេងទៀត ដែលរកស៊ី ដោយត្រឹមត្រូវស្របច្បាប់នៅអឺរ៉ុប ។ ដូចគ្នាដែរ អ្នកនាំពាក្យសហភាពអឺរ៉ុប បានបដិសេធចោល ចំពោះទណ្ឌកម្ម​ របស់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ មកលើក្រុមហ៊ុនអឺរ៉ុប ។

សូមរំលឹកថា គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 នេះ គឺធ្វើឡើង ដើម្បីបង្ហូរឧស្ម័នហ្កាសពីរុស្ស៊ី ចូលទៅកាន់ទ្វីបអឺរ៉ុប តាមរយៈសមុទ្រខាងជើង ។ គម្រោង​សាងសង់ ដែលមានតម្លៃប្រមាណជា​១ម៉ឺនលានអឺរ៉ូនេះ គឺជាការសហការគ្នា ពាក់កណ្តាល​ពីក្រុមហ៊ុន GazProm របស់រុស្ស៊ី ហើយពាក់កណ្តាល ទៀត ជាការចូលគ្នារវាងក្រុមហ៊ុនថាមពលអឺរ៉ុបជាច្រើនប្រទេស (OMV Wintershall Uniper Shell Engie) ។ បច្ចុប្បន្នការសាងសង់បានសម្រេចរួចរាល់ ជាង៨០%ហើយ ហើយតាមការគ្រោងទុក ការបង្ហូរឧស្ម័ន នឹងចាប់ផ្តើមដំណើរការ នៅដើមឆ្នាំ២០២០ ។

ក៏ប៉ុន្តែ ក្រោយការប្រកាស ដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក ក្រុមហ៊ុនAllseas របស់ស្វីស ដែល​ជាក្រុមហ៊ុនទទួលបន្ទុក​សាងសង់ តភ្ជាប់​បំពង់បង្ហូរឧស្ម័នបាតសមុទ្រ នៅក្នុងគម្រោងនេះ បានសម្រេចចិត្តព្យួរការដ្ឋានរបស់ខ្លួន ដោយបានលើកឡើងថា កំពុងរងចាំការជូនព័ត៌មានលំអិត ពីរដ្ឋាភិបាលអាមេរិក ទាក់ទិននឹង​ទ​ណ្ឌកម្ម​ ។

គួរកត់សំគាល់ថា អាមេរិកតែងតែងសម្តែងការប្រឆាំងនឹងគម្រោង Nord Stream 2 ដោយលើកឡើងថា អឺរ៉ុបនឹងក្លាយជាចំណាប់ខ្មាំងថាពលរបស់រុស្ស៊ី ។ អាមេរិកអះអាងថា គោលជំហរខ្លួន​ គឺការពារអ៊ុយក្រែន ដែលជាអ្នកខាតធំ ព្រោះអ៊ុយក្រែននឹងបាត់បង់ចំណូល ពីការឆ្លងកាត់បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី ។ តែយ៉ាងណា លោកស្រី Ulrike Demmer អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងថា រុស្ស៊ី និងអ៊ុយក្រែន ទើបតែបានចុះហត្ថលេខាលើអនុសារណៈមួយ​ ដើម្បីកំណត់ពី​ថ្លៃឈ្នួល នៃការឆ្លងកាត់បំពង់បង្ហូរឧស្ម័ន​រុស្ស៊ី ដែលកាត់ដីអ៊ុយក្រែន ចាប់ពីឆ្នាំ២០២០ទៅ ។ ដូច្នេះ រដ្ឋាភិបាលអាមេរិក គ្មានហេតុផលអ្វី ចង់​មកលូកដៃ រារាំងគម្រោង​ Nord Stream 2 នេះ ដោយយកលេសថាដើម្បីការពារផលប្រយោជន៍អ៊ុយក្រែន​​បានឡើយ​៕


ចែករំលែក៖