ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកបង្គោលស្លាកលេខផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តយ៉ាងលឿនដូចហោះ អកហ្សើនិងម៉ូតូនៅខាងមុខ បណ្តាលឲ្យរថយន្តរេចង្កូតជ្រុលទៅបុកបង្គោលស្លាកលេខផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ៣រំលងអធ្រាត្រថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះនរោត្ដម កែង និងផ្លូវ១៧៤ ខាងជើងវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់ បើកបររថយន្ត១គ្រឿង ម៉ាកតូយ៉ូតា កាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7389 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុ រថយន្ត បានអកហ្សើជាមួយម៉ូតូ ១គ្រឿង មិនចាំម៉ាក ធ្វើដំណើរនៅខាងមុខ ពេលនោះរថយន្តបង្ក ក៏ព្យាយាមកាច់ចង្កូតគេចពីម៉ូតូ បណ្ដាលឲ្យរថយន្តជ្រុលឡើងទៅលើខឿនបោកនឹងបង្គោលស្លាកលេខផ្លូវមួយដើមវៀច និងបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្តាលឲ្យបាក់ដែក ។ ចំណែករថយន្តវិលជាច្រើនជុំ ចេញពីកន្លែងកើតហេតុដាច់កង់ខាងក្រោយ ។ ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានទាក់ទងហៅមិត្តភក្តិ បើកយករថយន្តមួយគ្រឿងទៀត ជិះចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ទាក់ទងជំនាញចរាចរឲ្យចុះមកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖