ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះបង្កើតគណៈកម្មការត្រួតពិនិត្យសព បុរសជនជាតិវៀតណាមម្នាក់ កើតជំងឺខ្យល់គរបណ្ដាលឲ្យគាំងបេះដូងស្លាប់ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានសំណង់«ឃីនស្លែន» បន្ទប់លេខ២០៤ ផ្លូវលេខR6 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សពឈ្មោះ HOANG DUY QUYET ជនជាតិវៀតណាម (Vietnam) ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ក្នុងការដ្ឋានខាងលើ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាមលេខ194428364 ។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍ខាងលើនេះកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យស៊ើអង្កេត និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសលវិច្ច័យរាជធានី ដើម្បីបង្កើត គណៈកម្មការធ្វើការត្រួតពិនិត្យកោសល្យវិច័យសព។ ជាលទ្ធផលតាមព័ត៏មានប្រមូលបាន និងការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ឋ និងការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង ( អាចបណ្ដាលមកពីជំងឺបេះដូង ) ។
ក្រោយពីពិនិត្យរួចដោយមានការអនុញ្ញាតពីស្ថានទូតប្រទេសវៀតណាមប្រចាំប្រទេសកម្ពុជា ការិយាល័យបច្ចេកទេសវិឡាសាស្រ្ដនៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រគល់សពអោយទៅឈ្មោះHOANG VAN LOI ភេទប្រុស អាយុ19ឆ្នាំ ជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាមលេខ194647380 ដែលត្រូវជាប្អូនបង្កើតសពយកទៅធ្វើបុណ្យនៅស្រុកកំណើត (ប្រទេសវៀតណាម) ៕ ស រស្មី